header ads

Sponsor

រិទ្ធី

កាលពីថ្ងៃ​ទី០៨ ខែតុលា ឆ្នាំ២០១៨ លោក Edward Vaizey បេសកជន​ពាណិជ្ជកម្ម​អង់គ្លេស បាន​ប្រាប់​ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Vương Đình Huệ ថារដ្ឋាភិបាល​អង់គ្លេសនឹង​ផ្តល់​ជំនួយឥតសំណង ដែលជា​មូលនិធិ​ ( Commonwealth) របស់​ប្រទេសអង់គ្លេស ដើម្បី​ជួយ​គាំទ្រដល់​ក្រសួង​សាងសង់របស់​វៀតណាម​ក្នុង​ការកសាង​គម្រោង​សំណង់ និងទីក្រុង​វៃឆ្លាត​(Smart City) ការផ្តល់ជំនួយ​ដល់​វៀតណាម​បែបនេះ ដោយសារ​អង់គ្លេស​ផ្តល់​សារៈសំខាន់​លើ​ទំនាក់ទំនង និង​ការអភិវឌ្ឍ​ទេ្វ​ភាគី​រវាង​ប្រទេស​ទាំងពីរ។ ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vietnam News​ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨។​

​បេសកជន​ពាណិជ្ជកម្ម​អង់គ្លេសរូបនេះ បាន​ថ្លែង​ទៅកាន់​ភាគី​វៀតណាម​ថា អង់គ្លេស​ពិតជា​ចង់​ជួយ​បង្កើន​ជំនាញ​ពាក់ព័ន្ធ​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​វៀតណាម ដើម្បី​ជួយ​ដល់​ប្រទេស​វៀតណាម​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ទាំង​តម្លាភាព​រដ្ឋបាល និង​ចូលរួម​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​វៀតណាម​ក្នុងការ​ប្រើប្រាស់ប្រព័ន្ធ​បច្ចេកវិទ្យា​។ ជុំវិញ​បញ្ហា​នៃ​ការចាកចេញ​ពី​សហភាព​អឺរ៉ុបរបស់​អង់គ្លេស​ បេសកជន​អង់គ្លេស​ពន្យល់ថា នឹងមិន​ប៉ះពាល់​ដល់​ទំនាក់ទំនង ក៏ដូចជា​ផលប្រយោជន៍​ពាណិជ្ជកម្ម​អង់គ្លេស និង​វៀតណាម​ឡើយ​។

ផ្ទុយទៅវិញ លោកថែមទាំង​អះអាងថាអង់គ្លេស ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ជំរុញ​ទំនាក់ទំនង​សហភាព​អឺរ៉ុប និង​វៀតណាម​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ផងដែរ​។ 

​ជាការឆ្លើយតប ភាគី​វៀតណាម បានសន្យា​ជួយ​អង់គ្លេស​វិញ ​ដើម្បី​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក (TPP)។ វៀតណាម ក៏​ចង់ឃើញ​អង់គ្លេស​បង្កើន​ការវិនិយោគ និង​ទំហំ​ពាណិជ្ជកម្ម ជាពិសេស​លើ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​។  ជាពិសេស​វៀតណាម ក៏បាន​ត្រៀម​ក្នុង​ការជួយ​សម្រួល​លើ​ផល​លំបាក​ដែល​វិនិយោគិន​អង់គ្លេស​កំពុង​ប្រឈម​​ផងដែរ។

ទោះជាយ៉ាងណា ប្រភពមិនបានបង្ហើបពីទំហំសាច់ប្រាក់ប៉ុន្មានដែលអង់គ្លេសនឹងជួយដល់វៀតណាមនោះទេ។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post