header ads

Sponsor

រិទ្ធី

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចារបដិសេធ មិនឯកភាពចំពោះសំណើសុំដោះដូរទីតាំងអគារអគ្គស្នងការដ្ឋាននគរបាលជាតិ ពីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលចំណារបដិសេធនេះ បានធ្វើឡើងតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។ យោងលិខិតចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧។ 

ចំណារបដិសេធរបស់សម្តេចក្រឡាហោម ស ខេង មានសេចក្តីថា៖ ខុទ្ទកាល័យ កាន់ឯកសារនេះពីព្រោះយើងមានដី និងថវិកាសម្រាប់ធ្វើកន្លែងថ្មីហើយ។          

សូមរំលឹកថាថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសរសេរលិខិតគោរពជូនសម្តេចក្រឡាហោម ស ខេង ដើម្បីស្នើសុំគោលការណ៍អនុញ្ញាតរដោះដូរទីតាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងសុំធ្វើប័ណ្ណកម្មសិទ្ធិមុនធ្វើការអភិវឌ្ឍ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ពីមូលហេតុថា៖ ទីតាំងដី អគារអគ្គស្នងការនគរបាលជាតិ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានសភាពចាស់ទ្រុឌទ្រោម តូចចង្អៀត ខ្វះអគារសម្រាប់កម្លាំងបំពេញការងារប្រចាំថ្ងៃ កន្លែងប្រចាំការ ជាដើម។

ដើម្បីងាយស្រួលក្នុងការបំពេញការងារនិងកែសម្រួលទីតាំងឱ្យមានលក្ខណៈសម្បត្តិតាមស្តង់ដារ។ អគ្គស្នងការនគរបាលជាតិស្នើសុំគោលការណ៍ អនុញ្ញាតឱ្យក្រុមហ៊ុន LONG MA INVEST AND REALESTATE Co., LTD ធ្វើការដោះដូរទីតាំងខាងលើនេះនិងសុំធ្វើប័ណ្ណកម្មសិទ្ធិ មុនធ្វើការអភិវឌ្ឍ ជាថ្នូរនឹងទីតាំងក្រុមហ៊ុនស្ថិតនៅក្នុងភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ទាក់ទងនឹងការបែកធ្លាយឯកសារនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានចាត់ទុកថាការទម្លាយឯកសារផ្ទៃក្នុងទៅផ្សព្វផ្សាយបំភ្លៃបែបនេះ ទំនងជាចេតនាមិនល្អណាមួយ ដើម្បីវាយប្រហារលើសម្តេចក្រឡាហោម ស ខេង និងរាជរដ្ឋាភិបាលកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post