header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ បុរសវ័យចំណាស់ម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ចំណែក៥នាក់ទៀត មានអាការៈធ្ងន់ស្រាល ក្រោយរងការពុល បន្ទាប់ពីបរិភោគសម្លកកូរផ្សិតជុំគ្នា។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិរំចេក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ ឡាញ់ លីស៊ីវឡេង អធិការនគរបាលស្រុកគូលែន បានប្រាប់ CAM POST ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ថា មុនពេលកើតហេតុ កូនប្រុសរបស់ជនរងគ្រោះ បានដកផ្សិតកញ្ជូរពីក្នុងព្រៃ យកមកឲ្យម្តាយស្លកកូរហូបជុំគ្នា។ បន្ទាប់ពីហូបបានរយៈពេល១ម៉ោង ជនរងគ្រោះជាឪពុក និងកូនប្រុស ដែលជាអ្នកដកផ្សិតមានអាការៈពុលខ្លាំងជាងគេ ពោលគឺហៀរទឹកមាត់ ក្អួតផង រាគផង។

ឃើញអាការៈដូច្នោះ ជនរងគ្រោះទាំង២ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមណ្ឌលសុខភាពស្រុកគូលែន តែអកុសលជនរងគ្រោះជាឪពុក ដែលមានអាការពុលធ្ងន់ធ្ងរជាងគេ បានស្លាប់។ ដោយឡែកកូនប្រុស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ត នៅឯមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ហើយម្តាយនិងកូន៣នាក់ទៀត ពុលបន្តិចបន្តួចប៉ុណ្ណោះ។

លោកអធិការបានឲ្យដឹងទៀតថា ជនរងគ្រោះជាឪពុក ដែលស្លាប់មានឈ្មោះ ស្រី លួន ភេទប្រុស អាយុ៦៧ឆ្នាំ ចំណែកកូនប្រុសឈ្មោះ ស្រី យ៉ា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ លោកបន្តថា ការពិនិត្យសាកសពជនរងគ្រោះ កម្លាំងជំនាញវិទ្យាសាស្ត្របច្ចេកទេស របស់អធិការនគរបាលស្រុកគូលែន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំស្រយ៉ង់ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ និងគ្រួសារជនរងគ្រោះឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយការពុល ពិតប្រាកដមែន ព្រោះមានហៀរទឹកមាត់ តាមដងខ្លួនពុំមានស្លាកស្នាមអ្វីគួរឲ្យគត់សម្គាល់នោះទេ ទើបសមត្ថកិច្ចប្រគល់សាកសព ជូនក្រុមក្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

លោក សុក វាសនា ប្រធានមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ បានឲ្យដឹងផងដែរថា ជនរងគ្រោះដែលពុលផ្សិតធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរបស់លោក ពេលនេះមានអាការៈធូរស្រាលហើយ។ ករណីនេះលោកក៏សូមអំពាវនាវ ប្រជាពលរដ្ឋដែលរងទទួលការពុលផ្សេងៗ សូមប្រញាប់ប្រញាល់មកមន្ទីរពេទ្យ ឲ្យបានទាន់ពេលវាលា ដើម្បីក្រុមគ្រូពេទ្យអាចជួយសង្រ្កោះជីវិតបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post