
ភ្នំពេញៈ ក្រុមអ្នកផឹកស៊ីប្រចាំភូមិពីរវង់ផ្សេងគ្នា ដោយម្ខាងអំនួតអួតផឹកក្លែមសាច់ ម្ខាងផឹកស្រាថ្នាំ មិនចេះដាច់ផឹកក្លែមក្តឹបអំពិល ផឹកបណ្តើរក្លែមបណ្តើរសរសើរអួតរៀងៗខ្លួន បួនទៅប្រាំកែវផ្ទួនៗ ដៀមដាមសម្តី ឌឺដងដាក់គ្នា ទីបំផុតស្ទុះចូលស្រាយកំហឹង ទើបឈានដល់ប្រើកម្លាំងស្រាយចិញ្ចើម សម្បើមយក្សដាក់គ្នា ផ្អើលពេញភូមិ រហូតដល់កម្លាំងសមត្ថកិច្ចចុះទៅ រត់ចែកជើងគ្នាបាត់អស់ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

តាមប្រភពពីពលរដ្ឋក្នុងភូមិបានឲ្យដឹងថា ក្រុមអ្នកផឹក២ក្រុម សុទ្ធតែជាអ្នកភូមិផងរបងជាមួយគ្នា ដោយម្ខាងផឹកស៊ីគ្នា២នាក់អួតរឿង ស្រាបៀ ក្លែមសាច់ ម្ខាងគ្មានអ្វី មានតែស្រាថ្នាំប្រចាំត្រកូល ប្រមូលក្តឹបអំពិលចុចអំបិល ជ្រលក់ចេកខ្ចី សម្តីមិនចុះចាញ់ ក៏ដោយសារ ស្រាបៀក៏គ្រឿងស្រវឹង ស្រាថ្នាំក៏គ្រឿងស្រវឹង ចូលពោះស្រវឹងដូចតែគ្នា ដូចមានខ្លា៧ក្នុងខ្លួន ឌឺដងសម្តី រហូតសុះចូលប្រើកម្លាំងបាយ សាកក្បាច់គុន ផ្អើលអស់អ្នកភូមិ រំខានដល់ដំណេកអ្នកជិតខាង ទ្រាំមិនបានកម្លាំងប៉ូលិសលើកគ្នាចូលបំបែក ទាំង២ក្រុម រត់ចែកជើងគ្នាគេចខ្លួនបាត់អស់ ប្រឡោះលូក៏ត្បុលចូលសិនដែរ ខ្លាចប៉ូលិសចាប់ ព្រោះបង្កបញ្ហាក្នុងមូលដ្ឋានដូចគ្នា សំណាងល្អរត់រួចអស់។

ក្រោយពីក្រុមអ្នកផឹកប៉ះចំស្រាខ្លា រត់គេចបាត់អស់ សមត្ថកិច្ច បានត្រឹមអប់រំពលរដ្ឋក្នុងភូមិ ឲ្យចេះសាមគ្គីគ្នា ទោះជាស្រាសចូលពោះក៏ស្រវឹង ស្រាបៀចូលពោះក៏ស្រវឹង វាដូចតែគ្នាទេ ផឹកស៊ីសូមរក្សាភាពស្ងៀមស្ងាត់ថ្លៃថ្នូរ៕

