
មណ្ឌលគិរីៈ ច្រករបៀងចំនួន២ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី ត្រូវបានគេរាយការណ៍ថា កាលពីយប់ថ្ងៃទី២៩ ឈានចូលទី៣០ ខែតុលា ២០១៨នេះ បានបើកភ្លើងខៀវឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើយ៉ាងកក្រើក ឆ្លងដែនទៅប្រទេសវៀតណាម បានយ៉ាងរលូន។
ប្រភពច្បាស់ការណ៍មួយ បានបង្ហើបឲ្យដឹងថា នៅយប់ថ្ងៃទី២៩ មានរថយន្តម៉ាក ឡង់គ្រីស័រកែច្នៃ ជាច្រើនគ្រឿង បានសម្រុកដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម តាមច្រក (ដាក់ដាំ) និងច្រករបៀង (ណាំលៀរ) ហៅប៉ុស្តិ៍០៧ បានយ៉ាងរលូន ក្រោមការឃុបឃិត និងបើកភ្លើងខៀវពីសំណាក់សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងមន្ត្រីប្រចាំការនៅច្រកទាំងពីរនេះ។
ប្រភពខាងលើ បន្តឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាមនេះ បានចាប់ផ្តើមដំណើរការប្រមាណមួយសប្តាហ៍ទៅហើយ ប៉ុន្តែស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់ ទើបតែយប់មិញនេះ ដោយសារក្បួនរថយន្តដឹកឈើច្រើនគ្រឿង គេបានចែកគ្នា មួយចំនួនឆ្លងទៅតាមប៉ុស្តិ៍ដាក់ដាំ និងមួយចំនួនទៀត ឆ្លងចូលទៅតាមប៉ុស្តិ៍០៧។
ជាមួយនឹងសកម្មភាពចរាចរឈើឆ្លងដែនទៅប្រទេសវៀតណាមនេះដែរ គេសង្កេតឃើញមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីប៉ុស្តិ៍តាមច្រកទាំងពីរ ហាក់ដូចជាសម្ងំឈឹងមិនហ៊ានជាមួយក្រុមឈ្មួញធំទាំងនេះឡើយ។
ជុំវិញករណីដឹកឈើជញ្ជូនឆ្លងដែនខុសច្បាប់ តាមច្រកទាំងពីរនេះ អង្គភាពសារព័ត៌មាន Cam Post នៅថ្ងៃទី៣០ ខែតុលា ២០១៨នេះ មិនអាចទំនាក់ទំនងសុំការបញ្ជាក់ពីលោក ផូ សំអន ប្រធានច្រកណាំលៀរបានទេ ព្រោះគ្មានលេខទំនាក់ទំនង។ ចំណែកលោក សំ រិទ្ធណយ មេប៉ុស្តិ៍ច្រករបៀងប៉ុស្តិ៍០៧ ក៏អង្គភាពយើងមិនអាចទំនាក់ទំនងសូមការបញ្ជាក់ដូចគ្នា។
ជុំវិញករណីខាងលើនេះដែរ ប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានមួយចំនួន បានស្នើដល់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី មេត្តាពិនិត្យមើលចំពោះមន្ត្រី ដែលមានការពាក់ព័ន្ធ ហើយផ្គើននឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលផង ដែលហ៊ានអនុញ្ញាតឲ្យមានកាចរាចរឈើឆ្លងដែនទៅប្រទេសវៀតណាម៕


