
ភ្នំពេញៈ យុវជនម្នាក់ អត់លុយទិញគ្រឿងញៀនជក់ យកដាវកែច្នៃ ទៅគំរាមបងស្រីបង្កើតដើម្បីទារលុយ ម្តងហើយ ម្តងទៀត ២ថ្ងៃជាប់ៗគ្នា ទ្រាំលែងបាន បងស្រីប្តឹងប៉ូលិសចាប់ខ្លួន កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ នៃ ផានិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងភូមិកើតហេតុ។ ចំណែកបងស្រីបង្កើត ឈ្មោះ នៃ សុខណាក់ អាយុ៣០ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ភូមិ សង្កាត់កើតហេតុ។
បងស្រី បានរៀបរាប់ឲ្យដឹងថា ជនសង្ស័យជាប្អូនប្រុស ប្រើប្រាស់គ្រឿងញៀនយូរឆ្នាំមកហើយ ហើយកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែតុលា ម្សិលមិញ ជនសង្ស័យយកដែកសំប៉ែត ស្រួច កែច្នៃជាដាវ មកគំរាមសម្លាប់ ទារលុយទៅទិញថ្នាំញៀនជក់ តែមិនបានសម្រេច ស្ងប់ស្ងាត់ទៅវិញ លុះដល់ព្រលឹមថ្ងៃទី៣០ នេះ ជនសង្ស័យយកដាវមកគំរាមសម្លាប់ម្តងទៀត ទារយកទៅទិញថ្នាំញៀន ទើបទ្រាំលែងបានប្តឹងប៉ូលិសចាប់ខ្លួនតែម្តង។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាង ដាវកែច្នៃមួយដើម នាំទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌបន្តតាមនីតិវិធី៕