ភ្នំពេញៈ ស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី បានអំពាវនាវមិនឲ្យប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសឥណ្ឌូនេស៊ី ធ្វើដំណើរទៅតំបន់មានគ្រោះធម្មជាតិរញ្ជូយដី និងរលកស៊ូណាមិ នៅទីក្រុងប៉ាលូ និងដុងខាឡា ភាគកណ្ដាល នៃខេត្តស៊ូឡាវ៉េស៊ី ប្រទេសឥណ្ឌូនេស៊ី។
យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា “ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណៈរដ្ឋឥណ្ឌូនេស៊ី មានកិត្តិយសសូមជម្រាប ជូនបងប្អូនពលរដ្ឋកម្ពុជា ដែលកំពុងមានវត្តមាននៅប្រទេសឥណ្ឌូនេស៊ី ជ្រាបថា កាលពីថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ មានគ្រោះធម្មជាតិរញ្ជួយដី និងរលកស៊ូណាមិ នៅទីក្រុងប៉ាលូ និងដុងខាឡា ភាគកណ្ដាល នៃខេត្តស៊ូឡាវ៉េស៊ី ប្រទេសឥណ្ឌូនេស៊ី បណ្ដាលឲ្យមនុស្សស្លាប់ប្រមាណជា៨៣២នាក់ និងរបួសប្រមាណ៥៤០នាក់”។
ទូតកម្ពុជា ប្រចាំឥណ្ឌូនេស៊ី បន្ដថា បច្ចុប្បន្នចំនួនអ្នកស្លាប់ និងអ្នករងរបួសនៅបន្ដកើនឡើង ហើយព្រលានយន្ដហោះនៅទីក្រុងប៉ាលូ ពុំទាន់ដំណើរការបាននៅឡើយទេ រីឯហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានខូចខាតយ៉ាងខ្លាំង។
ទូតកម្ពុជា បញ្ជាក់ថា “យោងលើស្ថានភាពខាងលើនេះ ស្ថានទូតសូមបងប្អូនជនរួមជាតិ បើគ្មានភារកិច្ចចាំបាច់ សូមផ្អាកការធ្វើដំណើរទៅកាន់តំបន់ខាងលើនេះ រហូតដល់ស្ថានភាពបានប្រសើរឡើងវិញ”៕