header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ លោក ហ៊ាង វណ្ណារ័ត្ន អាយុជាង៥០ឆ្នាំ ជនជាតិខ្មែរ និងជាអ្នកតំណាងវិនិយោគិនផ្សារអូរយ៉ាដាវ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែតុលាថា រូបលោកបានដាក់លិខិតស្នើសុំដល់អាជ្ញាធរស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ឲ្យបញ្ឈប់ការលក់ដូរបន្លែ ត្រី សាច់ របស់អាជីវករមួយចំនួនតូច ដែលនៅតែបន្តលក់ដូរអនា​ធិតេយ្យតាមចិញ្ចើមផ្លូវទីសាធារណៈ ដោយមិនគោរពតាមការជូនដំណឹងរបស់រដ្ឋបាលស្រុក និងច្បាប់វិនិយោគផ្សារ។

តំណាងវិនិយោគិនផ្សារអូរយ៉ាដាវរូបនេះ បានឲ្យដឹងទៀតថា បន្ទាប់ពីផ្សារអូរយ៉ាដាវ បានបើកអោយអាជីវករចូលលក់ដូររយៈពេលជាង១ខែមកនេះ ឃើញថា មានអាជីវករចូលមកធ្វើការលក់ដូរបានប្រមាណជា៧០ភាគរយហើយ ប៉ុន្តែទន្ទឹមហ្នឹងនេះ ក៏នៅមានអាជីវករលក់បន្លែ ត្រី សាច់ មួយចំនួនតូចនៅតែបន្តលក់ដូរអនា​ធិតេយ្យតាមចិញ្ចើមផ្លូវទីសាធារណៈ ដោយមិនគោរពតាមការជូនដំណឹងរបស់រដ្ឋបាលស្រុក និងច្បាប់វិនិយោគផ្សារ ដែលបង្កឲ្យប៉ះពាល់ដល់អាជីវករ ដែលលក់ដូរក្នុងផ្សារ និងធ្វើឲ្យបាត់បង់ប្រាក់ចំណូលរបស់រដ្ឋ ដោយពួកគាត់មិនបានបង់ភាស៊ី​រដ្ឋអ្វីទាំងអស់ ព្រមទាំងធ្វើឲ្យប៉ះពាល់នូវបរិស្ថាន សណ្តាប់ធ្នាប់ និងអនាម័យក្នុងស្រុកផងដែរ។

ទាក់ទងទៅនឹងការស្នើនេះដែរ លោកស្រី ឡេង ស្រីពៅ តំណាងឲ្យអាជីវករលក់ដូរក្នុងផ្សារអូរយ៉ាដាវ ក៏បានស្នើសុំដល់អាជ្ញាធរស្រុកអូរយ៉ាដាវ ឲ្យបិទការលក់ដូរបន្លែ ត្រី សាច់ អនាធិបតេយ្យក្នុងទីរួមស្រុកអូរយ៉ាដាវផងដែរ។

មូលហេតុដែលក្រុមអាជីវករលក់ដូរក្នុងផ្សារអូរយ៉ាដាវ ស្នើសុំទៅអាជ្ញាធរស្រុកដូចនេះ ត្រូវបានតំណាងអាជីវកររូបនោះ បញ្ជាក់ថា បន្ទាប់ពីពិធីបើកឲ្យអាជីវករចាប់ផ្តើមដំណើរការចូលលក់ដូរក្នុងផ្សារអូរយ៉ាដាវជាង១ខែមកហើយ ប៉ុន្តែពួកគាត់កំពុងជួបការលំបាក ដោយលក់ដូរពុំដាច់ ពុំមានអតិថិជនចូលមកផ្សារ ដើម្បីទិញឡើយ ធ្វើឲ្យអាជីវករលក់ដូរក្នុងផ្សារខាតបង់ប្រាក់រៀងរាល់ថ្ងៃ។

តំណាងអាជីវកររូបនេះ បានសង្កត់ធ្ងន់ថា ទាំងអស់នេះ បណ្តាលមកពីអាជីវករមួយចំនួនតូចនៅតែបន្តលក់ដូរយ៉ាងអនា​ធិបតេយ្យនៅទីសាធារណៈក្នុងទីរួមស្រុក ដូច្នេះក្រុមអាជីវករទាំងអស់ដែលលក់ដូរនៅក្នុងផ្សារអូរយ៉ាដាវ ស្នើសុំលោកអភិបាលស្រុកអូរយ៉ាដាវ បិទកុំឲ្យមានការលក់ដូរអនា​ធិតេយ្យនៅក្នុងស្រុកអូរយ៉ាដាវតទៅទៀត ដើម្បីជំរុ​ញឲ្យអាជីវករមួយចំនួនតូចទាំងនោះ ចូលមកលក់ក្នុងផ្សារទាំងអស់គ្នា។

លោក ស៊ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវ បានឲ្យដឹងដែរថា បន្ទាប់ពីមានការស្នើសុំឲ្យបិទការលក់ដូរអនាធិបតេយ្យហើយមក រដ្ឋបាលស្រុក បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរនៅតាមផ្លូវ និងនៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ឲ្យបញ្ឈប់ការលក់ដូរអនាធិបតេយ្យបែបនេះទៀតទៅ ។

អភិបាលរងស្រុកអូរយ៉ាដាវរូបនេះ បានឲ្យដឹងទៀតថា ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណ: របៀបរៀបរយ និងសោភ័ណភាពក្នុងទីប្រជុំជនតាមដងផ្លូវជាតិលេខ៧៨ អា និងផ្លូវលំចូលទៅសាលាឃុំប៉ាតេ ឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ និងគ្រប់គ្រងបាននូវសំរាម មានអនាម័យប្រកបដោយបរិស្ថានល្អ រដ្ឋបាលស្រុក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរនៅតាមដងផ្លូវ និងនៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ មេត្តាទៅទំនាក់ទំនងជាមួយម្ចាស់វិនិយោគផ្សារអូរយ៉ាដាវ ដើម្បីចុះឈ្មោះកំណត់ទីកន្លែងលក់ដូររបស់បងប្អូន។

លោក ស៊ឹម លីន បន្តថា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរនៅតាមដងផ្លូវ និងនៅលើដីចំណីផ្លូវសាធារណ:របស់រដ្ឋ នឹងយោគយល់ ព្រមទាំងចូលរួមសហការណ៍អនុវត្តន៍តាមសេចក្តីជូនដំណឹងនេះ ដោយទុករយ:ពេល ១០ ថ្ងៃ ដើម្បីចុះរុះចេញឲ្យផុតពីចុងការ៉ូឡាប្រវែង ៤ ម៉ែត្រ គិតចាប់ពីថ្ងៃជូនដំណឹង ។

បន្ថែមពីនេះ លោកអភិបាលរងស្រុកដដែររូបនេះ បានបញ្ជាក់ថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរនៅតាមដងផ្លូវ និងនៅលើដីចំណីផ្លូវសាធារណ:របស់រដ្ឋ មិនព្រមអនុវត្តន៍តាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលស្រុកអូរយ៉ាដាវ នឹងមានវិធានការណ៍តឹងរឹងអនុវត្តន៍ទៅតាមនីតិវិធីផ្លូវច្បាប់ ។ យ៉ាងណាមិញ រដ្ឋបាលស្រុក មានជំនឿជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរនៅតាមដងផ្លូវ និងនៅលើដីចំណីផ្លូវសាធារណ:របស់រដ្ឋ នឹងចូលរួមអនុវត្តន៍តាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post