header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ និងជាថៅកែក្រណាត់នាំចូលពីបរទេសផង ដែលបានបាញ់កម្លាំងប្រជាការពារខណ្ឌឫស្សីកែវម្នាក់ឱ្យរបួសបាក់ជើង ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៥ខែតុលា ឆ្នាំ២០១៨ ហើយព្រះរាជអាជ្ញាអមតុលាការក៏បានសាកសួរជនដៃដល់រួចរាល់ហើយដែរ តែមិនទាន់សម្រេចចោទប្រកាន់នូវបទល្មើសណាមួយជាក់លាក់ទេ។

មន្ត្រីតុលាការ ដែលភ្ជាប់ដោយលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ បានឲ្យ​ដឹងថា មូលហេតុដែលព្រះរាជអាជ្ញាពន្យារពេលចោទប្រកាន់ជនដៃដល់ ដោយសារតែរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានមានលក្ខណធ្ងន់ធ្ងរ គឺចោទពីបទប៉ុនប៉ងធ្វើមនុស្សឃាតដោយអាវុធ ប៉ុន្តែអង្គហេតុ និងសកម្មភាពពិត ហាក់មិនពាក់ព័ន្ធ និងបទល្មើសឧក្រិដ្ឋទេ។

មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ ឈ្មោះ ឡាយ អ៊ឹងឃីង អាយុ២៧ឆ្នាំ ស្នាក់នៅភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះ ឈ្មោះ លី រតនៈ អាយុ៣៩ឆ្នាំ មុខរបរជាប្រជាការពារ ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ហេតុការណ៍បាញ់បោះខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២៖៣០ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុច មុខផ្ទះល្វែង A4 តាមបណ្ដោយផ្លូវបេតុង ស្ថិតភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ បណ្តាលឲ្យជនរងគ្រោះឈ្មោះ លី រតនៈ ត្រូវរបួសជើងខាងស្តាំ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរទេព្យ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែទី២ សហការជាមួយកម្លាំងប្រជាការពារ បានចេញល្បាតតាមភូមិសាស្ត្រក្នុងមូលដ្ឋាន។  នៅពេលសមត្ថកិច្ចល្បាតមកដល់ចំណុចជិតរង្វង់មូលកាំខូស៊ីធី ក៏បានប្រទះឃើញក្រុមក្មេងស្ទាវ ២ក្រុម កំពុងវាយតប់គ្នា តែនៅពេលសមត្ថកិច្ចទៅជួយអន្តរាគមន៍ ក្រុមក្មេងៗក៏បានឡើងជិះម៉ូតូរត់គេចខ្លួន។

ភ្លាមៗ នោះកម្លាំងសមត្ថកិច្ចក៏បានជិះម៉ូតូប្រដេញតាមចូលទៅតាមផ្លូវបេតុង (គ្មានលេខ) មុខផ្ទះល្វែង A4 ដែលជាកន្លែងកើតហេតុ ទើបឃាត់ម៉ូតូជនសង្ស័យបម្រុងឆែកឆេរ និងសួរនាំស្រាប់តែបុរសម្នាក់ ស្លៀកពាក់ស៊ីវិល និងមានសភាពស្រវឹងស្រា ហើយនៅដៃមានកាន់កាំភ្លើងខ្លី១ដើមម៉ាក Lock ពណ៌ខ្មៅ ចេញពីក្នុងផ្ទះបាញ់ចំនួនមួយគ្រាប់ ក៏ផ្អើលនគរបាលប្រាប់ឲ្យកម្លាំងពួនក្រាប រកកន្លែងមានសុវត្ថិភាពសិន និងរាយការណ៍តាមវិទ្យុទាក់ទងសុំកម្លាំងជួយអន្តរាគមន៍។

បន្តិចក្រោយមក ជនសង្ស័យបានបន្តបាញ់រះជាច្រើនគ្រាប់ រហូតអស់គ្រាប់ពីបង់កាំភ្លើង និងបណ្ដាលឲ្យប្រជាការពារម្នាក់ ត្រូវគ្រាប់កាំភ្លើង១គ្រាប់ចំជើងរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរទេព្យ។

ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចក៏បានចាប់ខ្លួនខ្មាន់កាំភ្លើងដាក់ខ្នោះបញ្ជូនមកអធិការដ្ឋានខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនឡើងតុលាការចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post