ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានពន្យល់ពីមូលដែលការដ្ឋានសំណង់មួយចំនួនសាងសង់មុនទទួលបានលិខិតអនុញ្ញតពីក្រសួងរៀបចំដែនដី ដោយសារតែការស្នើសុំច្បាប់អនុញ្ញតសាងសង់មានការយឺតយ៉ាវ ដូចនេះហើយ ទើបរដ្ឋបាលរបស់ឯកឧត្តម អនុញ្ញាតឱ្យមានការសាងសង់មុន ដោយសារការអភិវឌ្ឍ នៅខេត្តព្រះសីហនុលឿន ពិសេសក្នុងមួយខែៗមានការស្នើសាងសង់សំណង់ច្រើន។
ការពន្យល់ឯកឧត្តម យន្ត មីន ក្រោយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ញើលិខិតមកអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន ដោយស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុ បញ្ឈប់ការចេញលិខិតអនុញ្ញាតជាគោលការណ៍ ដល់ម្ចាស់សំណង់ឱ្យដំណើរការសាងសង់ មុនទទួលបានលិខិតអនុញ្ញាតសាងសង់ ពីស្ថាប័នមានសមត្ថកិច្ច និងត្រូវពង្រឹងការគ្រប់គ្រងការដ្ឋានសាងសង់ឲ្យគោរពតាមច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកទេសជាធរមាន។
ការផ្ដល់គោលការណ៍សាងសង់ ដោយពុំមានការអនុញ្ញាតពីក្រសួងនេះ វាអាចបណ្ដាលឱ្យកើតមានបទល្មើសសំណង់ ផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ សោភណ្ឌភាព និងគុណភាពសំណង់ជាដើម។
ទោះជាយ៉ាងណា ក្រោយពីទទួលសំណើរបស់ក្រសួងរៀបចំដែនដី ឯកឧត្តម យន្ត មីន បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទចុះទៅផ្អាកការដ្ឋានសាងសង់ទាំងនោះហើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជារដ្ឋមន្រ្តី បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចចុះតាមដាននិងត្រួតពិនិត្យការដ្ឋានសំណង់ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដែលបែងចែកចេញជា៦ក្រុម ដើម្បីត្រួតពិនិត្យការដ្ឋានសាងសង់ ដែលសង្ស័យថា គ្មានការអនុញ្ញាតត្រឹមត្រូវពីក្រសួង។