header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ​ ទីបំផុត​ស្ត្រី​ជនជាតិ​ចិន ​ដែល​បើក​រថយន្ត​បំបុក​ចោរ​ឆក់​ទូរស័ព្ទ ​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់​ម្នាក់​ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី រិទ្ធី ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស២ឆ្នាំ តែអនុវត្តទណ្ឌកម្មទោសត្រឹម៣ខែ និងពិន័យជាប្រាក់៤លានរៀល ក្រោមការចោទប្រកាន់ពីបទហិង្សាដោយ​ចេតនាមានស្ថានទម្ងន់​ទោស ដោយមរណភាពនៃជនរងគ្រោះ និងបទបើកបរគ្មានប័ណ្ណបើកបរ។

ជាមួយគ្នានេះ តុលាការបានសម្រេចបង្គាប់អោយជនជាប់ចោទសងទៅគ្រួសារសពចំនួន១ម៉ឺនដុល្លារ និងជំងឺចិត្តចំនួន៣០លានរៀល។ អោយសងទៅអ្នករបួសចំនួន១៤ ០០០ដុល្លារ និងជំងឺចិត្តចំននួន៣០លានរៀល ។

សេចក្ដីសម្រេចនេះ ធ្វើឡើងក្រោយពីក្រុមប្រឹក្សាជំនុំជម្រះ​បានបើកសវនាការនាល្ងាចថ្ងៃទី ៣១ តុលា ឆ្នាំ២០១៨ នៅចំពោះមុខជនជាប់ចោទឈ្មោះ ថាង យៀន អាយុ២៦ឆ្នាំ។

នៅក្នុងសវនាការ ជនជាប់ចោទបានសារភាពថា នៅថ្ងៃកើតហេតុទី១២ សីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១១យប់​ នាងមានមិត្តភក្តិ​ម្នាក់ទៀតបានអង្គុយរង់ចាំមិត្តភក្តិ​នៅក្នុងរថយន្តឡិចស៊ី​ស ដោយបើកបង្អួចរថយន្ត ពេលនោះស្រាប់តែមានចោរឆក់២នាក់ បានជិះ​ម៉ូតូមកដល់បានឆក់យកទូរស័ព្ទដៃរបស់នាងទៅបាត់។ ឃើញដូច្នោះនាងក៏បើករថយន្តដេញតាមក្នុងគោលបំណ​ងតាមយកទូរស័ព្ទវិញ ពេលនោះចោរជិះ​ម៉ូតូដល់ផ្លូវទាល់ រថយន្តនាងក៏បុកពីចំហៀងខាងមុខបណ្ដាលអោយម៉ូតូដួល ហើយនាងក៏ចុះទៅរើសយកទូរស័ព្ទវិញ តែវាបែកអស់ហើយ។

ក្នុងសវនាការនេះផងដែរ មេធាវីតំណាងអោយចោរឆក់ ដែលស្លាប់បានទាមទារសំណងចំនួន៣ម៉ឺ​នដុល្លារ។ ចំណែកមេធាវីតំណាងអោយចោរឆក់ ដែលរងរបួសបានទាមទារសំណងចំនួន៥ម៉ឺ​នដុល្លារ។

គួររំលឹកថា លោក ធាម ច័ន្ទពិសិដ្ឋ បានសម្រេចកាលពីល្ងាចថ្ងៃទី១៦សីហា ឆ្នាំ២០១៨ដាក់ឃុំខ្លួនជាបណ្ដោះអាសន្នលើស្រ្តីជនជាតិចិនឈ្មោញ ថាង យៀន ក្រោមការចោទប្រកាន់ពីបទបើកបរគ្មានប័ណ្ណបើកបរ និងបទហិង្សារដោយចេតនាមានស្ថានទំងន់ទោស ដោយមរណភាពនៃជនរងគ្រោះ។

នគរបាលបានបញ្ជាក់ថា បទល្មើសដែលព្រះរាជអាជ្ញាចោទប្រាកាន់ ហើយចៅក្រមសម្រេចឃុំខ្លួនរួមមាន បទល្មើស ហិង្សាដោយចេតនាមានស្ថានទំងន់ទោសដោយមរណភាពនៃជនរងគ្រោះតាមមាត្រា២២៤ នៃក្រមព្រហ្មទ និងបទបើកបរដោយមានមានប័ណ្ណបើកបរ ។

ជនត្រូវចោទត្រូវបាននគរបាល​ខណ្ឌ​ចំការមន​​បញ្ជូនឡើងតុលាការ នា​ល្ងាចថ្ងៃទី១៥ សីហា ឆ្នាំ២០១៨កន្លងទៅ។

នគរបាល​ព្រហ្មទណ្ឌខណ្ឌចំការមនបានសរសេររបាយការណ៍សន្និដ្ឋាន​ថា​ ស្ត្រី​ជនជាតិ​ចិន​ រូប​នេះ​ ប្រឈម​បទល្មើស​មនុស្ស​ឃាត​ដោយ​អចេតនា​ប៉ុណ្ណោះ​នាគ្រាដំបូង តែក្រោយពីសាកសួររួច កញ្ញា វ៉ា សក្ដា ព្រះរាជអាជ្ញារងអមតុលាការបានសម្រេចចោទប្រកាន់រហូតដល់៣បទល្មើស ។

តាមរបាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​សីហា​ នេះ​បានបញ្ជាក់ថានៅថ្ងៃអាទិត្យ ទី១២​ ខែ​សីហា​ ឆ្នាំ​២០១៨ វេលាម៉ោង២៤៖​១០នាទី មានករណីមនុស្សឃាតដោយអចេតនា (បើករថយន្តដេញបុកជនសង្ស័យឆក់ទូរស័ព្ទដៃស្លាប់-របួស) នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ មុខផ្ទះលេខ៥៤​ ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ អ្នករងរបួសធ្ងន់ ប្រុសម្នាក់ និងស្លាប់ប្រុសម្នាក់​ ជាជនសង្ស័យឆក់ទូរស័ព្ទដៃ​។

ជនសង្ស័យ​ឈ្មោះ សារុន ពិសិដ្ឋ ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ២៥០ ផ្លូវ​លេខ៤៦០ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌ​ចំការមន​ រងរបួសធ្ងន់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-​សូវៀត​ និង​ ឈ្មោះ បេ សុភាដេវីត ភេទ ប្រុស អាយុ២៤  មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៣២A ផ្លូវលេខ២៨០ ក្រុម ៤៣ ភូមិ ៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រងរបួសធ្ងន់បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-​សូវៀត​។

​ស្ត្រីចិនដែកត្រូវឃាត់ខ្លួនបញ្ជូនឡើងតុលាការឈ្មោះ YUAN TANG ថាង យៀន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មិនចាំលេខលិខិតឆ្លងដែន មិនបានយកមកតាមខ្លួន ជាអ្នក បើករថយន្ត ។

វត្ថុតាងដកហូត ម៉ូតូ ០១គ្រឿងម៉ាកSCOOPY ពណ៌ស ស្លាកលេខ ភ្នំពេញ1CL-7241 ( របស់អ្នកឆក់ទូរស័ព្ទដៃខូចខាតយ៉ាងដំណំ ) , រថយន្តម៉ាកLEXUS RX-300 ពណ៌ស ស្លាកលេខ 2AN-9745 ភ្នំពេញ ( ខូចខាតដូចគ្នា ) និងទូរស័ព្ទដៃ០១ គ្រឿង ម៉ាក Meitu ពណ៌ខ្មៅ-បៃតង លេខស៊ីម 096 696 7899 ( បែកអេក្រង់ របស់ជនសង្ស័យ បើកឡានបុក ) ។

ចំពោះរឿងហេតុ មុនដំបូងឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត បានជិះម៉ូតូ ០១ គ្រឿងខាងលើ ឌុបគ្នា មកដល់ចំណុចមុខផ្ទះកើតហេតុខាងលើ ឃើញស្ត្រីជាតិចិន និងមិត្តភ័ក្រម្នាក់ទៀត ឈប់រថយន្តតេទូរស័ព្ទ ចំហរកញ្ចក់ ខាងមុខផ្នែកខាងឆ្វេង ហើយឈ្មោះ សារុន ពិសិដ្ឋ និងឈ្មោះ បេ សុភាដេវីត ក៏ធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃ ជន ជាតិ ចិនឈ្មោះ Yuan Tang បានសម្រេច រួច បើកម៉ូតូគេចខ្លួន។ ភ្លាមនោះស្ត្រីជាតិចិនឈ្មោះ Yuan Tang ដែលជា ម្ចាស់ ទូរស័ព្ទ បានបើករថយន្តដេញតាមបុកម៉ូតូ ពីក្រោយបណ្តាលឲ្យ ដួលខ្ទាត់ទៅក្បែរជញ្ជាំងរបងផ្ទះលេខ៣៩ ផ្លូវលេខ ១២៣ កែង ផ្លូវលេខ៤៥៦ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់តាមរថយន្តសង្គ្រោះបន្ទាន់ ទៅមន្ទីរ ពេទ្យមិត្ត ភាពខ្មែរ-រុស៊្សី ។

លុះដល់ម៉ោង ០២.៥០ រំលងអាធ្រាត្រ ចូលដល់ថ្ងៃទី ១៣​ ខែ​សីហា​ ឆ្នាំ​២០១៨ អ្នកឆក់ទូរស័ព្ទឈ្មោះ បេ សុភាដេវីត បានស្លាប់បាត់បង់ជីវិតនៅមន្ទីពេទ្យរុស៊្សី សពតម្កល់រង់ចាំក្រុមគ្រួសារមកទទួល ។ ចំណែកអ្នកឆក់ម្នាក់ទៀតឈ្មោះ សារុន ពិសិដ្ឋ សន្លប់មិនទាន់ដឹងខ្លួន កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស៊្សី  ឥឡូវនេះលឺថាព្រះរាជអាជ្ញាបានអនុញាតអោយសាច់ញាតិនាំជនសង្ស័យនេះទៅព្យាបាលនៅប្រទេសវៀតណាមហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post