header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ យុវជន​ម្នាក់ និងបក្ខពួកម្នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបទប្រើហិង្សាដោយ​ចេតនា​ យកដុំថ្មគប់ទៅលើ២នាក់ប្ដីប្រពន្ធ បណ្ដាលឲ្យប្រពន្ធរបួសធ្ងន់បែកមុខហូរឈាមជោគខ្លួន​ កាលពីវេលាម៉ោង០៩និង៣០នាទី​យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ នៅចំណុចចុងព្រែកឃ្លោក ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឆេង មុំ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។​បច្ចុប្បន្នមានទីលំនៅភូមិទួលក្តីឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទាំង២នាក់នោះមានឈ្មោះដូចជា ១-ឈ្មោះហ្វី សើគីនីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ជាក្រុមការងារគណៈពង្រឹង ឃុំត្រើយស្លា) តាមការអះអាងរបស់សាមីខ្លួន មានទីលំនៅ ភូមិច្រាំងចំរេះ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ២-ឈ្មោះ លី ម៉ាត់សារី ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរសន្តិសុខសណ្តាប់ធ្នាប់ផ្សារព្រែកឃ្លោក។ អ្នកទាំង២មានទីលំនៅភូមិលេខ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បច្ចុប្បន្នមកស្នាក់នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន៖ ដុំថ្ម ចំនួន០១ដុំ និងម៉ូតូចំនួនចំនួន ២គ្រឿង (ម៉ាក Wave ពណ៌ក្រហម គ្មានស្លាកលេខ ចំនួន០១គ្រឿង និងម៉ូតូម៉ាក Suzuki Smash-V ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BL 5250 ចំនួន០១គ្រឿង)។

សមត្ថកិច្ចបានរៀបរាប់ប្រាប់ពីដំណើររឿងហេតុដូចច្នេះថា នៅមុនពេលកើតហេតុ​ នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មានឈ្មោះ ហុក ប៊ី ភេទប្រុសអាយុ៣៤ឆ្នាំ កំពុងជិះទូកជាមួយប្រពន្ធឈ្មោះ ឆេង មុំ ដើម្បីបង្កៃសន្ទូច នៅចុងព្រែកឃ្លោក ពេលនោះមានឈ្មោះ ហ្វីសើគីនីន និងឈ្មោះលីម ម៉ាត់សារី ជិះម៉ូតូម្នាក់មួយគ្រឿងត្រឡប់ពីចំណុចពាមសូរ តាមផ្លូវខាងត្បូងព្រែកឃ្លោកនោះ ក៏បានជួបឈ្មោះហុក ប៊ី និងឈ្មោះឆេង មុំ កំពុងនេសាទត្រី ជនសង្ស័យខាងលើមានការសង្ស័យអ្នកទាំងពីរនេសាទត្រីខុសច្បាប់ (ឆក់) ក៏បានសួរនាំថា ពួកបងមានឃើញអ្នកឆក់ត្រីឬទេ? អ្នកទាំងពីរឆ្លើយថា ខ្ញុំរាយសន្ទូចទេ ពេលនោះជនសង្ស័យបានឃើញអាគុយចំនួន០១ នៅក្នុងទូកក៏បានសុំត្រួតពិនិត្យទូក ភ្លាមនោះឈ្មោះហុក ប៊ី មិនអោយត្រួតពិនិត្យក៏បញ្ឆេះម៉ាស៊ីនទូកចេញសំដៅទៅទិសខាងកើត(ពាមសូរ) បានចម្ងាយប្រហែល៥០០ម៉ែត្រទើប ឈ្មោះលីម ម៉ាត់សារីនិងឈ្មោះហ្វី សើគីនីន ជិះម៉ូតូដេញតាមរួចឈប់ស្ទាក់កាត់មុខទូកក៏ឈ្មោះ លី ម៉ាត់សារី បានរើសដុំថ្មក្បែរផ្លូវ យកមកគប់សំដៅទូកជនរងគ្រោះចំនួន០១ដុំថ្ម ចំណែកឈ្មោះហ្វី សើគីនីន បានរើសដុំដីគប់សំដៅទូកជនរងគ្រោះចំនួន០២ដុំ បណ្តាលអោយត្រូវចំមុខខាងស្ដាំ ឈ្មោះឆេង មុំ ដែលអង្គុយខាងក្បាលទូករបួសហូរឈាមតែម្តង។

ក្រោយពេលទទួលបានពត៌មានខាងលើសមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លា បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះមកព្យាបាលនៅមណ្ឌលសុខភាពតាលន់ ចំណែកឯជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនមកប៉ុស្តិ៍រដ្ឋបាលត្រើយស្លាដើម្បីសាកសួរ និងបន្តអនុវត្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post