
ភ្នំពេញៈ ប្រៀបដូចជាការទទួលស្គាល់ការពិត សម្រាប់អតីតគណបក្សសង្គ្រោះជាតិ ដែលជាអតីតបក្សប្រឆាំង ដោយបានអះអាងខ្លួនបំភ្លៃស្ថានការណ៍ ដើម្បីចង់ឲ្យមានការផ្លាស់ប្តូរ៊ នេះបើតាមអតីតនាំពាក្យគណបក្សនេះ។
លោក យ៉ែម ប៉ុញ្ញាឫទ្ធិ អ្នកនាំពាក្យអតីតគណបក្សសង្គ្រោះជាតិ បញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «បំភ្លៃស្ថានការណ៍ ដើម្បីបង្វែរគោលដៅគោលបំណងរបសយើង ដែលតែងតែចង់បាននូវការផ្លាស់ប្ដូរជាវិជ្ជមាន»។
លោកបន្តថា ប្រជារាស្ត្រខ្មែរ ដែលបានតាមដានស្ថានការណ៍ស្រុកទេសយើង បានចូលរួម និងទទួលបានព័ត៌មានពិតពីសង្គម សេដ្ឋកិច្ច នយោបាយ ប្រាកដជាយល់ថា វាអយុត្តិធម៌ណាស់ ដែលគណបក្សកាន់អំណាច បានធ្វើមកលើគណបក្សសង្គ្រោះជាតិ ជាពិសេសការបំផ្លាញប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស នៅកម្ពុជានោះ។
លោកបន្ថែមថា «កម្ពុជា ជារបស់យើងទាំងអស់គ្នា ពុំមែនជារបស់បុគ្គលណាមួយ ឬក្រុមគ្រួសារណាមួយ ឬបក្សណាមួយនោះទេ។ ការចូលរួមរបស់កូនខ្មែរគ្រប់រូប ដោយកម្លាំងចិត្ត ដោយការលះបង់គ្រប់យ៉ាង ដោយការទទួលខុសត្រូវ គ្មានការបង្ខិតបង្ខំ គ្មានការជួលទិញដូរ គឺពិតជាកម្លាំងមួយដ៏ខ្លាំងក្លារឹងមាំ សម្រាប់ប្រជាជាតិខ្មែរ យើង»។
សូមជម្រាបថា កាលពីពេលគណបក្សប្រឆាំង មិនទាន់ត្រូវបានតុលាការរំលាយ កាលពីចុងឆ្នាំ២០១៧កន្លងទៅ គណបក្សនេះ បានធ្វើនយោបាយដោយនាំមកនូវការផ្លាស់ប្តូរដោយវិជ្ជាមាន។ បក្សប្រឆាំង បានរិះគន់ចំៗ ទៅលើកគោលនយោបាយរបស់បក្សកាន់អំណាច ពាក់នឹងការកាប់បំផ្លាញព្រៃឈើ អំពើពុករលួយ និងបក្សពួកនិយមជាដើម៕