បន្ទាយមានជ័យៈ កម្លាំងមន្ត្រីកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានរកឃើញសារធាតុគីមីម្យ៉ាង ដែលគេហាមឃាត់មិនឲ្យប្រើប្រាស់ក្នុងម្ហូបអាហារ ដែលលួចដាក់ក្នុងបង្អែម។ គីមីនេះរកឃើញបន្ទាប់ពីមន្ត្រីជំនាញកាំកុងត្រូល បានធ្វើតេស្តលើគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ នៅក្នុងផ្សារត្រី ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមនជ័យ។
ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ លោក សាន វិជ្ជាសារ៉ាវុធ បានឲ្យដឹងថា កម្លាំងមន្ត្រីជំនាញយើងបានពិនិត្យលើទំនិញជាម្ហូបអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ចំនួន៦មុខ រួមមាន បង្គា មឹក ត្រសក់ជ្រក់ ក្តាមប្រៃ លត និងបាញ់ឌុក។ ជាលទ្ធផលបានឃើញសារធាតុគីមីហាមឃាត់(បូរ៉ាក់) មាននៅក្នុងលត និងបាញ់ឌុក ចំនួន២,២គីឡូក្រាម។
លោកបានបញ្ជាក់បន្ថែមថា សារធាតុគីមីបូរ៉ាក់ គឺជាគីមីហាមឃាត់ម្យ៉ាងដែលបំពុលសិរីរាង្គ ធ្វើឲ្យស្រវាំងភ្នែក ថប់ដង្ហើម និងបង្កើតគ្រោះថ្នាក់ផ្សេងៗទៀតដល់សុខភាព សម្រាប់កុមារ ៥ក្រាម និងសម្រាប់មនុស្សចាស់១៥ក្រាម និងអាចបណ្តាលឲ្យពុលក្អួតឈាមស្លាប់។
លោកបន្តថា ការប្រកបរបរផលិតផលិតផលម្ហូបអាហារលាយផ្សំសារធាតុគីមីហាមឃាត់បូរ៉ាក់នេះ ល្មើសនិងមាត្រា១៨ នៃច្បាប់ ស្តីពីការរគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា និងត្រូវផ្តន្ទាទោសក្នុងច្បាប់នេះដដែល ដោយត្រូវជាប់ពន្ធនគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ដល់១០លានរៀល ឬទោសណាមួយនៃទោសទាំងពីរ។
ក្នុងប្រតិបត្តិការខាងលើនេះ គឺប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារ ហាង ស្តាម៉ាតនានាទូទាំងប្រទេស រកសារធាតុគីមីហាមឃាត់ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខមាលភាពរបស់ពួកគាត់ផងដែរ៕