header ads

Sponsor

រិទ្ធី

យោងតាមគេហទំព័រហ្វេសប៊ុកសម្តេចតេជោ បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

តាមរបៀបវីរៈនៃកិច្ចប្រជុំ សម្តេចតេជោ នឹងថ្លែងសុន្ទរកថាមួយដោយផ្តោតជាសំខាន់ទៅលើទិសដៅនាពេលអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ម្យ៉ាងទៀត សម្តេច ហ៊ុន សែន នឹងអញ្ជើញជួបជាមួយថ្នាក់ដឹកនាំ និងអ្នកវិនិយោគមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ ១០ ខែតុលា ឆ្នាំ២០១៨។ កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុននេះ នឹងពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។

ស្របពេលគ្នានេះដែរ អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ គ្រោងនឹងធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេច ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន នៅទីក្រុងតូក្យូ។ បាតុកម្មនេះដឹកនាំដោយលោក ហៃ វណ្ណា ហើយគ្រោងធ្វើនៅថ្ងៃអាទិត្យ ទី០៧ ខែតុលា ឆ្នាំ២០១៨។  

គោលបំណងនៃបាតុកម្មនេះមាន២ចំណុចធំៗ៖ ទី១ ក្រុមបាតុករប្រកាសថា សម្តេច ហ៊ុន សែន មិនមែនជានាយករដ្ឋមន្រ្តីខ្មែរទេ និងទី២ ប្រកាសថាមិនទទួលស្គាល់រដ្ឋាភិបាលខុសច្បាប់ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយនេះទេ។

នេះជាបាតុកម្មលើកទី៣ហើយ នៅប្រទេសជប៉ុន ដែលដឹកនាំដោយលោក ហៃ​ វណ្ណា ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្រុងភ្នំពេញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post