header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រភពព័ត៌មានពីមន្ទីរពេទ្យរុស្ស៊ីបានអោយដឹងថា អតីតមន្ត្រីនគរបាលខណ្ឌមានជ័យជាទណ្ឌិតជនដែលកំពុងជាប់ពន្ធនាគារបានទទួលមរណៈភាពហើយ កាលពីថ្ងៃទី ២០តុលា ឆ្នាំ២០១៨កន្លងទៅនេះ នៅក្នុងមន្ទីរពេទ្យរុស្ស៊ីដោយរោគាពាធ។

ទណ្ឌិត ដែលស្លាប់នេះឈ្មោះ សួន សុវណ្ណ អាយុ៤៦ឆ្នាំ អតីតមន្ត្រីនគរបាលផ្នែកចរាចរ ខណ្ឌមានជ័យ។ ជនជាប់ចោទរូបនេះត្រូវបានចៅក្រមតុលាការឈ្មោះហេង កេសរោ ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត៥ឆ្នាំ ហើយការអនុវត្តទោសបាន៣ឆ្នាំទៅហើយ ស្រាប់តែជនជាប់ចោទបានស្លាប់។ ចាប់តាំងពីលោកសួន សុវណ្ណ ជាប់ពន្ធនាគាររហូតដល់ថ្ងៃលោកស្លាប់ ក្រុមគ្រួរសាររបស់លោកមានជីវភាពក្រីក្រតោកយ៉ាកខ្លាំងណាស់ រកបានព្រឹកខ្វះល្ងាច រកបានល្ងាចខ្វះព្រឹក សូម្បីតែកូនចៅតូចៗក៏ឈប់ទៅសាលារៀនដែរដោយសារមិនមានលទ្ធភាព។

ប្រភពព័ត៌មានបានអោយដឹងថា ដំណឹងដែលក្រុមគ្រួសារធ្លាក់ខ្លួនដល់ទីបំផុតនោះបានធ្វើអោយលោកសួន សុវណ្ណ ធ្លាក់ខ្លួនឈឺជាទំងន់ ហើយត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី តែជាអកុសល ជនជាប់ចោទរូបនេះបានស្លាប់នៅក្នុងមន្ទីរពេទ្យ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី ៣០ មិថុនា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បាន បើកសវនការជំនុំជំរះ រឿងក្តីអតីតមន្ត្រីនគរបាលខ័ណ្ឌមានជ័យម្នាក់និងអនុប្រធានប៉ុស្តិ៍រដ្ឋបាលបឹងទំពន់ ម្នាក់ទៀត ( កំបាំងមុខ ) លើសំណុំរឿងពាក់ព័ន្ធករណីក្លែងលិខិតសាធារណៈ និងប្រើប្រាស់លិខិតសាធារណៈក្លែង ទាក់ទិននិងការធ្វើសៀវភៅស្នាក់នៅក្លែងក្លាយអោយប្រជាពលរដ្ឋ។

ក្រុមប្រឹក្សាជំនុំជំរះតុលាការបានចោទប្រកាន់ឈ្មោះ សួន សុវណ្ណ  និង កែវ សារ៉ាវុធ ពីបទ ក្លែងលិខិតសាធារណៈ និងប្រើប្រាសលិខិតសាធារណៈក្លែង។ ជនជាប់ចោទទី ១ ឈ្មោះ សួន សុវណ្ណ ភេទប្រុស អាយុ៤៦ឆ្នាំ ជាអតីតមន្ត្រីនគរបាលផ្នែកសណ្ដាប់ធ្នាប់ ចរចរខណ្ឌមានជ័យ។ ទី២ ឈ្មោះ កែវ សារ៉ាវុធ អនុប្រធានប៉ុស្តនគរបាលរដ្ផបាលបឹងទំពន់ ខណ្ឌមានជ័យ ( កាត់ទោសកំបាំងមុខ ជនជាប់ចោទ កែវ សារ៉ាធ នៅក្រៅឃុំ )។

ឈ្មោះ សួន សុវណ្ណ បានឆ្លើយបំភ្លឺក្នុងសវនាការថា កាលពីថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០១៥ ឈ្មោះ កែវ សារ៉ាវុធ បានមកពឹងពាក់អោយខ្លួនធ្វើសៀវភៅស្នាក់នៅចំនួន៣ក្បាល ដោយលោកកែវ សារ៉ាវុធ បានប្រគល់ប្រាក់មកអោយខ្លួនចំនួន១៥ម៉ឺនរៀល។ ៥ថ្ងៃក្រោយមកខ្លួនក៏បានយកសៀវភៅស្នាក់នៅ៣ក្បាល ប្រគល់អោយ ឈ្មោះ កែវ សារ៉ាវុធ វិញ ដោយក្នុងសៀវភៅស្នាក់នៅទាំង៣ក្បាលនោះគឺខ្លួនបានសរសេរបំពេញបែបបទ ព័ត៌មានគ្រប់សព្វទាំងអស់ លើកលែងតែលេខក្បាលសៀវភៅ និងលេខបញ្ជីការគឺឈ្មោះ កែវ សារ៉ាវុធ ជាអ្នកទូរស័ព្ទទៅសុំពីនគរបាលមណ្ឌលបឹងទំពន់។

ចំណែកត្រាឈ្មោះ អធិការ វរៈសេនីយទោ តេង ស៊ីណូ ត្រាអធិការដ្ឋាន ត្រាស្ថិតិ និងត្រា អធិការ នៅសល់តាំងពីជំនាន់ខ្លួនធ្វើជាមន្ត្រីស្ថិតិប៉ុស្តិ៍បឹងទំពន់ មកម្ល៉េះ ទុកនៅក្នុងថតតុក៏យកមកវាយបោះត្រា នៅលើសៀវភៅស្នាក់នៅនោះ ដែលត្រាទាំងនោះក្រោយមកត្រូវគេរកឃើញនៅផ្ទះរបស់លោក។

ចំណែកឈ្មោះកែវ សារ៉ាវុធ មិនមកបង្ហាញខ្លួនក្នុងសវនាការទេ ដោយតុលាការជំនុំជំរះកំបាំងមុខ ហើយតំណាងអយ្យការបានស្នើអោយក្រុមប្រឹក្សាជំនុំជំរះផ្ដន្ទាទោសដូចគ្នានិងឈ្មោះ សួន សុវណ្ណ។ ពិតមែនតែឈ្មោះកែវ សារ៉ាវុធ មិនបង្ហាញខ្លួន តែនៅក្នុងតំណាក់កាលស៊ើបអង្កេត ឈ្មោះកែវ សារ៉ាវុធ បានសារភាពថា នៅថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០១៥ ឈ្មោះ អ៊ុក វណ្ណថា ភេទស្រី ជានគរបាលក្រសួងមហាផ្ទៃ បានមកពឹងពាក់អោយខ្លួនជួយធ្វើសៀវភៅស្នាក់នៅចំនួន៣ក្បាលដោយក្នុង១ក្បាលគេអោយតម្លៃ៨០ដុល្លារ សរុប៣ក្បាលបាន២៤០ដុល្លារ។

បន្ទាប់មកខ្លួនក៏យកមកអោយឈ្មោះ សួន សុវណ្ណ ជាអ្នកទទួលធ្វើ លុះប៉ុន្មានថ្ងៃក្រោយមកសួន សុវណ្ណក៏បានយកមកអោយខ្លួនយកទៅអោយអ៊ុក វណ្ណថា វិញដោយមានចុះបញ្ជីការព័តមានដូចដែលម្ចាស់សៀវភៅទាំងនោះស្នើសុំ។ ក្នុងសវនាការនេះទោះបីជនជាប់ចោទម្នាក់មិនចូលខ្លួនក៏ដោយ តែតំណាងអយ្យការនៅតែតម្កល់ទុកបទចោទប្រកាន់អោយនៅដដែល និងស្នើចៅក្ថមសម្រេតាមច្បាប់។

ចៅក្រមឈ្មោះហេង កេសរោ បានសម្រេចផ្ដន្ទាទោសលោកសួន សុវណ្ណ ដាក់ពន្ធនាគារកំណត់៥ឆ្នាំ ក្រោមការចោទប្រកាន់ពីបទក្លែងឯកសារសាធារណៈ និងបទប្រើឯកសារសាធារណៈក្លែង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post