header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ និងកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ បានសហការគ្នាដេញតាមចាប់ ជនសង្ស័យដែលធ្វើសកម្មភាពលួចយក រថយន្តកាម៉ារីបាឡែន មួយគ្រឿង ជារបស់មន្ត្រីយោធាជើងគោកមួយរូប ពីទឹកដីខណ្ឌមានជ័យ​ រួចព្យយាមបើករត់ទាំងភ័យតក់ស្លុត ទៅបុកម៉ូតូអ្នកដំណើរ រហូតជ្រុលចង្កូតទៅបុកនឹងរបងអាវុធហត្ថ​ ស្រុកកណ្ដាលស្ទឹង​ ពេញមួយទំហឹង ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ឃាត់ខ្លួន​យកទៅធ្វើការសាកសួរ នៅក្នុងទីស្នាក់ការ មិនទាន់ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌមានជ័យ​ នៅឡើយទេ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង​០៨:៤៥នាទីយប់ ​ថ្ងៃអង្គារ ១៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ ១៦E ផ្លូវលំ ក្រុមទី៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវបានសមត្ថកិច្ចឃាត់បាននៅចំណុចមុខបន្ទាយអាវុធហត្ថស្រុកកណ្ដាលស្ទឹង ម្ដុំស្ពាន៧មករា ព្រំប្រទល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចខណ្ឌមានជ័យបានប្រាប់ឲ្យភ្នាក់ងារខេមប៉ុស្តិ៍ដឹងថា ​ជនសង្ស័យឈ្មោះ ឈៀក ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ រីឯម្ចាស់រថយន្តឈ្មោះ សេង ស្រស់ ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៦អឺ ផ្លូវលំ ក្រុមទី៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមន្ត្រីយោធាជើងគោក។

​​វត្ថុតាងដកហូត ៖ រថយន្ត១គ្រឿងម៉ាកកាមរី (បាឡែន) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-8904 (ខូចខាតផ្នែកខាងមុខ) ជារបស់ជនរងគ្រោះ ឈ្មោះ សេង ស្រស់ ជាមន្ត្រីយោធាជើងគោក ។

សមត្ថកិច្ចខណ្ឌមានជ័យបានបញ្ជាក់ប្រាប់ឲ្យភ្នាក់ងារខេមប៉ុស្តិ៍បានដឹងពីដំណើររឿងហេតុថា នៅមុនពេលកើត​ កាលពីវេលាម៉ោង០៨:៤៥នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះជាម្ចាស់បានបើករថយន្តមួយគ្រឿង ម៉ាកកាមរី (បាឡែន) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-8904 យកមកចតទុកនៅក្នុងរបងផ្ទះលេខ១៦E ផ្លូវលំ ក្រុមទី០៤ ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ហើយបានចូលទៅអង្គុយលេងនៅក្នុងផ្ទះ ដោយបានទុកកូនសោនៅជាប់រថយន្ត ។ មួយសន្ទុះក្រោយមក ក៏មានជនសង្ស័យម្នាក់ បានដើរចូលមកធ្វើសកម្មភាព លួចយករថយន្តខាងលើនោះ រួចបើកគេចខ្លួនចេញទៅ ។

ភ្លាមនោះ អ្នកជិតខាងឃើញរថយន្តបើកចេញក្នុងល្បឿនលឿនពេក​ ក៏យកម៉ូតូជិះតាមមើល​ ក៏បានជួបជនរងគ្រោះ រួចប្រាប់ថា រថយន្តខាងលើនោះត្រូវបានចោរលួច​ ហើយកំពុងបើករត់ចេញទៅហើយ ទើបជួយជិះម៉ូតូដេញតាមពីក្រោយ និងបានទូរស័ព្ទប្រាប់ទៅវិទ្យុ ABC ដើម្បីជួយផ្ដល់ព័ត៌មានដល់សមត្ថកិច្ចតាមគោលដៅជួយអន្តរាគមន៍ផង និងបានរាយការណ៍ ប្រាប់កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងនគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​ តាមវិទ្យុទាក់ទង ដើម្បីចេញជួយអន្តរាគមន៍ដេញតាមរថយន្តដែលជនសង្ស័យលួចយកទៅនោះ។

សមត្ថកិច្ចប្រាប់បន្តទៀតថា កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ​បានដេញចាប់ជនសង្ស័យ ដោយបានសហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ​ តាមរយៈ​វិទ្យុទាក់ទង ដើម្បីជួយអន្តរាគមន៍ដេញពីក្រោយ តាមបណ្ដោយ​ផ្លូវ២១៧ រហូតទៅដល់ចំណុចរង្វង់មូលគួរស្រូវ ក្នុងខណ្ឌដង្កោ ជនសង្ស័យបានបើករថយន្តទៅបុកម៉ូតូអ្នកដំណើរ​ មួយគ្រឿង ម៉ាក សេ ១២៥​ ពណ៌ខ្មៅ (មិនចាំស្លាកលេខ​) បណ្តាលឲ្យខូចខាតទាំងស្រុង ហើយជនសង្ស័យបានបើករថយន្តគេចខ្លួនបន្តទៀត ។

លុះមកដល់ម៉ោង០៩និង៣៥នាទីយប់ ថ្ងៃដដែល សមត្ថកិច្ចនៅតែបន្តដេញតាមរហូតមកដល់ចំណុចស្ពាន៧ មករា ព្រំប្រទល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជនសង្ស័យភ័យតក់ស្លុត ក៏បានបើករថយន្តជ្រុលចង្កូតទៅបុកនឹងរបងមូលដ្ឋានកងរាជអាវុធហត្ថ​ ស្រុកកណ្ដាលស្ទឹង​ ពេញមួយទំហឹង​បណ្ដាលឲ្យបាក់របងថ្មអស់មួយផ្ទាំង សង្កត់លើម៉ូតូ​របស់មន្ត្រីអាវុធហត្ថដែលទុកនៅក្នុងរបង ។

ចំណែករថយន្តបានផ្ទុះពោងសុវត្ថិភាពទាំងពីរ លាន់ដូចរន្ទះ​ និងរងការខូចខាតស្ទើរទាំងស្រុង គៀបជាប់នឹងដើមឈើមួយដើមទៀត និងផ្ទុះកង់រថយន្ត​ផ្នែកខាងមុខ បើកទៅមុខលែងរួច និងបែកកញ្ចក់ផ្នែកខាងក្រោយផងដែរ។ ចំណែកជនសង្ស័យ ត្រូវរងរបួសផ្នែកក្បាលហូរឈាមស្រោចពេញខ្លួន ត្រូវកម្លាំងសម្ថតកិច្ចរួមទាំងកម្លាំងកងរាជអវុធហត្ថស្រុកកណ្ដាលស្ទឹង វាយខ្នោះរួចឃាត់ខ្លួនតែម្ដង រួចយកទៅសាកសួរភ្លាមៗផងដែរ ។

​បច្ចុប្បន្ននេះ កំពុងធ្វើឯកសារប្រគល់ឲ្យសមត្ថកិច្ចខណ្ឌមានជ័យ ដើម្បីយកមកចាត់ការបន្តតាម​នីតីវិធី​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post