header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាមៈ បន្ទាប់ពីស្ពានគីហ៊្សូណា ដែលជាស្ពានថ្មចំណងដៃ និងអញ្ជើញមកស្ពោធដាក់ឲ្យដំណើរការដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ផ្តល់ឲ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម សម្រាប់ឆ្លងកាត់ដែលយើងគ្រប់គ្នាបានស្គាល់នោះ គឺស្ពានកោះប៉ែន។

ស្ពានដ៏ស្រស់ស្អាតនេះ កំពុងទទួលបានការសាទរ និងចាប់អារម្មណ៍ពេញចិត្តពីប្រជាពលរដ្ឋ ព្រោះជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់បងប្អូននៅទឹកដីកោះប៉ែន និងដីកោះមួយចំនួនទៀត ពិសេសជាកន្លែងដើរហាត់ប្រាណ និងអង្គុយលេងស្រូបខ្យល់បរិសុទ្ធពីសំណាក់មនុស្សគ្រប់វ័យ។

យ៉ាងណា បន្ទាប់ពីទឹកជំនន់ឡើងរហូតជន់លិចផ្ទះពលរដ្ឋ និងស្រែចម្ការត្រូវបានស្រកទៅវិញ បែរជាមានករណីផ្ទះពលរដ្ឋ ដែលនៅប្របនឹងមាត់ទន្លេ កៀកនឹងស្ពានកោះប៉ែននោះ ត្រូវបានប្រេះស្រុត រងការខូចខាត បង្កការភ័យខ្លាច ក្នុងការរស់នៅលើផ្ទះរបស់ខ្លួន។

បើតាមសេចក្ដីរាយការណ៍ ការប្រេះស្រុតផ្ទះនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨មកម៉្លេះ តែរហូតមកដល់ថ្ងៃទី១០ ខែតុលានេះ គេនៅមិនទាន់ឃើញអាជ្ញាធរមានវិធានការ ឬរកដំណោះស្រាយណាមួយដើម្បីជួយសង្គ្រោះពលរដ្ឋឡើយ។

ប្រជាពលរដ្ឋនៅទីនេះ ជាពិសេសម្ចាស់ផ្ទះតែម្តង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយបាន និងកំពុងអំពាវនាវរកជំនួយនានា ក៏ដូចជាកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខពលរដ្ឋគ្រប់ទីកន្លែងនោះ។

ប្រជាពលរដ្ឋ សូមសំណូមពរដល់ខាងបច្ចេកទេសការដ្ឋានសាងសង់ស្ពាន លោកអភិបាលក្រុង ពិសេសលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម សូមជួយពិនិត្យ និងមានវិធានការដោះស្រាយចំពោះផ្ទះរបស់ពួកគាត់ ដែលប្រេះស្រុតប្រឈមនឹងបាក់ចូលទឹកទន្លេ ហើយគំរាមដល់អាយុជីវិតរបស់ពួកគាត់គ្រប់ពេលវេលា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post