
កំពង់ឆ្នាំងៈ បុរសម្នាក់បានស្លាប់ និងក្មេងប្រុសម្នាក់ បានរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំពីរគ្រឿងបុកគ្នា។
គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៥ និង៦៦នៅត្រង់ចំណុច (វាលបារ៉ាម)ស្ថិតក្នុងភូមិបន្ទាយមាស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។


ប្រភពពីសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បង្កឡើងរវាងរថយន្តម៉ាកនីស្សាន់ឌីសែល ពណ៌ទឹកមាស ចង្កូតស្តាំ ពាក់ស្លាកលេខ PSHN0164 បើកបរពីទិសខាងជើងទៅទិសខាងត្បូង បានបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 3A-3248 សណ្ដោងរ៉ឺម៉កគ្មានស្លាកលេខ បើកបរពីទិសខាងត្បូងទៅជើងក្នុងដំណើរបញ្ច្រាសគ្នា។
ក្រោយកើតហេតុអ្នកបើកបររថយន្តទាំងពីរគ្រឿងបានគេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅនិងកន្លែងកើតហេតុ។
ប្រភពខាងលើដដែល បានឲ្យដឹងទៀតថា ក្រោយកើតហេតុជនរងគ្រោះដែលស្លាប់ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកក្មេងរងរបួស ត្រូវបានសមត្ថកិច្ចនាំយកទៅមន្ទីរពេទ្យជួយសង្គ្រោះបន្ទាន់ផងដែរ។ ចំណែករថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕








