រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេចរួមចំណែកនូវជំនួយមនុស្សធម៌ចំនួន ២០០.០០០ ដុល្លារអាមេរិក (ម្ភៃម៉ឺនដុល្លារអាមេរិក) ដល់ជនរងគ្រោះដោយរញ្ជួយដី និងរលកស៊ូណាមិ នៅទីក្រុងប៉ាលូ កោះស៊ូឡាវេសស៊ី ប្រទេសសាធារណដ្ឋរឥណ្ឌូនេស៊ី ដែលបំផ្លិចបំផ្លាញប្រទេសរយៈពេលប៉ុន្មានថ្ងៃមកនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ទឹកប្រាក់២០ម៉ឺនដុល្លារ គឺជាជំនួយមនុស្សធម៌ សម្រាប់រំលែកទុក្ខដល់ជនរងគ្រោះ ដោយសារមហន្តរាយពីគ្រោះធម្មជាតិ នៃសោកនាដកម្មនេះ ដែលជាការបង្ហាញពីសាមគ្គីភាពជាមួយ រដ្ឋាភិបាល និងប្រជាជនឥណ្ឌូណេស៊ី ក្នុងគ្រាលំបាក។
ខណៈដែលកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខ និងផ្តល់ថវិកា៥ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមឥណ្ឌូណេស៊ីសម្រាប់ប្រតិបត្តិការជួយអ្នករងគ្រោះដោយរញ្ជួយដី និងរលកយក្សស៊ូណាមី។ យោងតាមលិខិតលេខ២៥១ កក្រក.ទទ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ របស់កាកបាទក្រហមកម្ពុជា។
កាកបាទក្រហមកម្ពុជា បញ្ជាក់ថា៖ ដោយសារគ្រោះធម្មជាតិ និងដើម្បីរួមចំណែកជួយសម្រាលការលំបាកដល់ប្រជាជនឥណ្ឌូនេស៊ី កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យគណៈប្រតិភូ នាំយកសារលិខិតរំលែកទុក្ខ និងថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ទៅប្រគល់ជូនដល់កាកបាទក្រហមឥណ្ឌូណេស៊ី តាមរយៈ ឯកឧត្តម ស៊ូឌីរម៉ាន់ ហាសែន (Sudirman Haseng) ឯកអគ្គរដ្ឋទូត ឥណ្ឌូណេស៊ីចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រតិបត្តិការជួយប្រជាជនរងគ្រោះដោយរញ្ជួយដី និងរលកយក្សស៊ូណាមី កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ។