ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជារដ្ឋមន្រ្តី បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចចុះតាមដាននិងត្រួតពិនិត្យការដ្ឋានសំណង់ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដែលបែងចែកចេញជា៦ក្រុម ដើម្បីត្រួតពិនិត្យការដ្ឋានសាងសង់ ដែលសង្ស័យថា គ្មានការអនុញ្ញាតត្រឹមត្រូវពីក្រសួង។ យោងលិខិតលេខ ០៦៧ សសរ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨។
ក្នុងមួយក្រុមៗមានសមាសភាព៤រូប ប្រធាន១រូប និងសមាជិក៣រូប សេចក្តីប្រកាសនេះ បែងចែកមន្ត្រីជំនាញ មានភារកិច្ចចុះតាមដាន និងត្រួតពិនិត្យការដ្ឋានសំណង់ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ លើការអនុវត្តស្របតាមលិខិតអនុញ្ញាតសាងសង់ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងបច្ចេកទេស។ ក្រោយពីរកឃើញចំណុចអវិជ្ជមានហើយ ក្រុមមន្ត្រីទាំងនោះ នឹងត្រូវធ្វើរបាយការណ៍ការងារ មកកាន់ក្រសួងវិញ ដើម្បីត្រួតពិនិត្យ និងសម្រេច។
ការបង្កើតក្រុមការងារចំពោះកិច្ចនេះ ធ្វើឡើងក្រោយពីក្រសួងរៀបចំដែនដី រកឃើញថារដ្ឋបាលខេត្តព្រះសីហនុ អនុវត្តផ្ទុយពីគោលការណ៍ក្រសួង លើការគ្រប់គ្រងសំណង់នេះ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថាដោយសារតែការដ្ឋានសំណង់ជាច្រើននៅទីនោះ កំពុងដំណើរការសាងសង់ (ខ្លះជិតរួចរាល់ទាំងស្រុងទៅហើយ) តែពុំមានលិខិតអនុញ្ញាតសាងសង់ពីក្រសួងឡើយ ពោលគឺមានតែគោលការណ៍ឱ្យដំណើរការសាងសង់ ដែលចេញពីរដ្ឋបាលខេត្តព្រះសីហនុប៉ុណ្ណោះ។
សូមរំលឹកថា ក្រសួងដែនដី បានផ្ញើលិខិតទៅអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន បានបញ្ជាក់ថា៖ ស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុ បញ្ឈប់ការចេញលិខិតអនុញ្ញាតជាគោលការណ៍ ដល់ម្ចាស់សំណង់ឱ្យដំណើរការសាងសង់ មុនទទួលបានលិខិតអនុញ្ញាតសាងសង់ ពីស្ថាប័នមានសមត្ថកិច្ច និងត្រូវពង្រឹងការគ្រប់គ្រងការដ្ឋានសាងសង់ឲ្យគោរពតាមច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកទេសជាធរមាន។
លិខិតដដែលបញ្ជាក់ទៀតថា៖ ការផ្ដល់គោលការណ៍សាងសង់ ដោយពុំមានការអនុញ្ញាតពីក្រសួងនេះ វាអាចបណ្ដាលឱ្យកើតមានបទល្មើសសំណង់ ផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ សោភណ្ឌភាព និងគុណភាពសំណង់ជាដើម។