header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ ផ្លូវ៦០ម៉ែត្រ ក្នុងក្រុងសៀមរាប ចាប់ពីចំណុចកែងមុខមន្ទីរពេទ្យគន្ធបុប្ផា ដល់ទីស្នាក់ការអាជ្ញាធរជាតិអប្សរា ចាប់ពីពេលនេះតទៅ នឹងត្រូវបានប្រសិទ្ធិនាមជា “វិថីសម្ដេចវិបុលបញ្ញា សុខ អាន”។ ផ្លូវនេះត្រូវបានសម្រេចប្រសិទ្ធិនាមយ៉ាងដូច្នេះ បន្ទាប់អាជ្ញាធរជាតិអប្សរា បានស្នើសុំទៅរដ្ឋបាលខេត្តសៀមរាប។ យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប មូលហេតុនៃការប្រសិទ្ធិនាមឈ្មោះនេះ គឺដើម្បីតបស្នងសងគុណដ៏ថ្លៃថ្លារបស់សម្ដេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុលើវិស័យបេតិកភណ្ឌ។

វិថីសម្ដេចវិបុលបញ្ញា សុខ អាន កន្លងមក ប្រជាពលរដ្ឋទូទៅក្នុងក្រុងសៀមរាបនិយមហៅថា ផ្លូវ៦០ម៉ែត្រ ព្រោះយោងតាមទំហំផ្លូវដែលមានទទឹងប្រវែង៦០ម៉ែត្រ ប៉ុន្តែ ពុំដែលបានកំណត់ជាផ្លូវការនៅឡើយទេ។ ទើបតែថ្មីៗនេះ អាជ្ញាធរជាតិអប្សរា ក៏បានដាក់សំណើរទៅរដ្ឋបាលខេត្តសៀមរាប ដោយប្រសិទ្ធិនាមផ្លូវនេះជា “វិថីសម្ដេចវិបុលបញ្ញា សុខ អាន”។

គួររម្លឹកថា វិថីសម្ដេចវិបុលបញ្ញា សុខ អាន ត្រូវបានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF)។ នៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរា បានចំណាយថវិកាមួយចំនួន ដើម្បីធ្វើផ្លូវគ្រួសក្រហមសងខាងផ្លូវ និងបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូលចំនួន៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរនិងឃ្យុងយូ។ ក្រោយមកនៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរាក៏បានស្ថាបនានេះ ចំនួន៩.៦៧៩ម៉ែត្រ ចាប់ពីផ្លូវបំបែកត្រាំនាគ រហូតដល់បុរីរដ្ឋបាលខេត្តសៀមរាប បច្ចុប្បន្នជាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

បើគិតមកដល់ពេលនេះ វិថីសម្ដេចវិបុលបញ្ញា សុខ អាន បានបម្រើផលប្រយោជន៍ដល់ប្រជាជននិងទេសចរណ៍ទាំងឆ្លងកាត់ និងដឹកជញ្ជូនទំនិញអស់រយៈពេល១៦ឆ្នាំមកហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post