ភ្នំពេញៈ ក្រោយពេលមានអនុស្សសារណៈយោគយល់គ្នារវាងប្រទេសទាំងពីរ កម្ពុជា-គុយវ៉ែត កាលពីពេលកន្លងទៅ នៅពេលខាងមុខនេះ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងផ្លាស់ប្តូរកម្លាំងពលកម្មគ្នា ស្របតាមលក្ខន្តិកៈការងារនៃប្រទេសទាំងពីរ។
គម្រោងការផ្លាស់ប្តូរកម្លាំងពលកម្មនេះ បានបង្ហាញឲ្យដឹងនៅក្រោយជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោកស្រី Hind Al-Sabeeh រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងការងារ និងក្រសួងសេដ្ឋកិច្ចប្រទេសគុយវ៉េត នៅរសៀលថ្ងៃទី២៤ ខែតុលានេះ នៅទីស្តីការក្រសួង។

លោករដ្ឋមន្រ្តីថា មុនបញ្ជូនចាំបាច់ត្រូវតែធ្វើការបណ្តុះបណ្តាល ដល់ពលករ ដើម្បីអោយមានចំណេះដឹង ទាក់ទងនិងការរស់នៅ វប្បធម៌ ភាសា និងការធ្វើទំនាក់ទំនងនានា រាល់ពេលមានបញ្ហាកើតឡើងណាមួយ។
យ៉ាងណាក៏ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានគិតគូរយ៉ាងល្អិតល្អន់ ចំពោះលក្ខខណ្ឌការងារ ដោយធានាបានចំពោះសុវត្ថិភាព និងសន្តិសុខរបស់ពលករ៕

