header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

 ភ្នំពេញៈ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ សត្វខ្ទីងមេ១ក្បាល បានបង្កើតកូនខ្ទីង ឈ្មោល ១ក្បាល នៅក្នុងទ្រុងនៃឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

នេះជាសញ្ញាជោគជ័យមួយទៀត របស់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ក្នុងកម្មវិធីបង្កាត់ពូជសត្វព្រៃ។ កូនខ្ទីងឈ្មោល ដែលទើបនឹងកើតនេះ កំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីបសុពេទ្យ និងអ្នកថែរក្សាសត្វព្រៃ។

សត្វខ្ទីងជាប្រភេទសត្វព្រៃធំមួយប្រភេទដែលមានតម្លៃកាត់ថ្លៃមិនបានហើយអ្វីដែលជាការព្រួយបារម្ភនោះ គឺការរស់នៅក្នុងព្រៃធម្មជាតិកំពុងប្រឈមនឹងបញ្ហាជាច្រើន ពិសេសគឺ ការ រេចរឹលនៃតំបន់ព្រៃភ្នំ ដែលជាទីជម្រករបស់ពួកវា។ មួយវិញទៀត ដោយសារសត្វនេះមានតម្លៃ ពួកព្រានព្រៃតែងតាមប្រមាញ់ដោយប្រើប្រាស់កាំភ្លើង។

សត្វខ្ទីង ជាសត្វមួយប្រភេទដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំង ហើយចំនួនរបស់ពួកវាមានការថយចុះគួរឱ្យព្រួយបារម្ភ ។ ខ្ទីងនៅក្នុងប្រទេសកម្ពុជាយើង វារស់នៅក្នុងតំបន់មួយចំនួន ដូចជា ភូមិភាគឦសាន ភូមិភាគខាងជើងខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) និង ខេត្តកំពង់ស្ពឺ ជាដើម។

បច្ចុប្បន្ន ខ្ទីងស្ថិតក្នុងក្រុមប្រភេទសត្វដោយកម្រ មានដង់ស៊ីតេរស់នៅកម្រិតទាប។ គេកម្រឃើញវារស់នៅតាមវាលទំនាបណាស់ ព្រោះសត្វនេះមិនចូលចិត្តកម្តៅថ្ងៃយូរពេកទេ។ សត្វខ្ទីងកំពុងប្រឈមមុខនឹងការរងគ្រោះថ្នាក់ដោយសារការបាត់បង់ទីជម្រករស់នៅ ការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ។ ខ្ទីងប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ថា ជាប្រភេទងាយរងគ្រោះថ្នាក់ជាសកល សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន ជាតិកម្ពុជា (AKP)៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post