Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដោយសារប្រទេសមានសន្តិភាព និងស្ថេរភាពនយោបាយ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនត្រូវបានអភិវឌ្ឍន៍ ខណៈផ្លូវដែកភាគខាងជើង ត្រូវបានតភ្ជាប់ទាំងស្រុង ពីភ្នំពេញទៅប៉ោយប៉ែត។

ក្នុងកម្មវិធីដឹកនាំមន្ត្រីរាជការ ក្រសួងសាធារណការ និងប្រជាពលរដ្ឋស្រុកកោះធំ ប្រមាណ៦០០នាក់ ជិះរថភ្លើងពីភ្នំពេញ ទៅកំពង់ឆ្នាំង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា “ដោយសារប្រទេសមានសន្តិភាព និងស្ថេរភាពនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនត្រូវបានអភិវឌ្ឍ។ ចំណែកឯ ផ្លូវដែកភាគខាងជើង ត្រូវបានតភ្ជាប់ទាំងស្រុង ពីភ្នំពេញទៅប៉ោយប៉ែត ដើម្បីផ្ដល់ជម្រើសក្នុងការធ្វើដំណើរ និងដឹកជញ្ជូន សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍”។

លោកបន្ដថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អៗ នឹងតភ្ជាប់គ្រប់ច្រកល្ហក ជាកត្តាទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន បង្កើនការនាំចេញនាំចូល បង្កើតការងារជូនប្រជាពលរដ្ឋ ពង្រឹងសក្ដានុពលសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ និងឈានទៅរកការកាត់បន្ថយ ភាពក្រីក្រឲ្យនៅតិចបំផុត។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៦នេះ នឹងបម្រើប្រជាពលរដ្ឋឲ្យបានទ្វេដងទាំងការអភិវឌ្ឍ និងការផ្ដល់សេវាសាធារណៈ តាមវិស័យនីមួយៗ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការគ្រប់រូប គឺជាអ្នកបម្រើប្រជាពលរដ្ឋ ដូចនេះ ត្រូវបម្រើប្រជាពលរដ្ឋ ឲ្យបានលឿន ឲ្យមានប្រសិទ្ធភាព និងឲ្យមានតម្លាភាព។

សូមរំលឹកថា នេះគឺជាលើកទី៣ហើយ ដែលលោក ស៊ុន ចាន់ថុល បានដឹកនាំមន្ត្រីរាជការក្រសួងសាធារណការ និងប្រជាពលរដ្ឋស្រុកកោះធំ ជិះរថភ្លើងដើម្បីស្វែងយល់ និងបណ្ដុះស្មារតីភាពជាម្ចាស់ ស្រឡាញ់ ថែរក្សា និងការពារសមិទ្ធផល ដ៏មានតម្លៃរបស់យើងឲ្យបានគង់វង្សទោះក្រោម តម្លៃណាក៏ដោយ ដើម្បីទុកជាកេរ្តិ៍មរតក សម្រាប់អ្នកជំនាន់ក្រោយ ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិបន្តទៅទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor