
រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត សហការជាមួយមន្ទីរបរិស្ថានខេត្តព្រះសីហនុ បាននិងកំពុងធ្វើការសម្អាតអនាម័យបរិស្ថាន និងការគ្រប់គ្រងសំណល់រឹង រាវ និងសំរាមជាប្រចាំព្រមទាំងកាយ និងស្តារប្រឡាយផ្សេងៗ ដើម្បីរំដោះទឹកឱ្យបានឆាប់រហ័ស។ បើតាមក្រសួងបរិស្ថានផ្សព្វផ្សាយកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។

មិនត្រឹមតែក្នុងប្រឡាយទេ ទាំងនៅក្នុងក្រុង និងនៅតាមតំបន់ឆ្នេរ អ្នកសម្អាតអនាម័យបរិស្ថានបានបោសសម្អាត វេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវដើម្បីរក្សាសោភ័ណភាពទីក្រុង និងឆ្នេរសមុទ្រកម្ពុជាឱ្យស្រស់ស្អាត។ ការសម្អាតអនាម័យបរិស្ថាន គ្រប់គ្រងសំណល់រឹង សំរាម គឺជាកាតព្វកិច្ចរបស់ យើងទាំងអស់គ្នា មិនមែនជាតួនាទីដាច់ដោយឡែករបស់ ស្ថាប័នណាមួយឡើយ។

ក្រសួងបរិស្ថានបានលើកទឹកចិត្តថា ដើម្បីរក្សាអនាម័យបរិស្ថានរបស់យើងឱ្យល្អស្អាត សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ញែកសំរាមតាមបច្ចេកទេស និងកុំបោះចោលសំរាមពាសវាលពាសកាលដែលងាយនឹងបង្កឱ្យខ្យល់គួច ឬទឹកភ្លៀងហូរនាំយកចូលទៅក្នុងសមុទ្រ។ សូមចូលរួមសម្អាតបរិស្ថានយើងទាំងអស់គ្នា ព្រោះវាជាតួនាទី និងការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា។

ក្រសួងបរិស្ថានបានស្នើឱ្យ គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមនឹងបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការអនុវត្តលើការងារគ្រប់គ្រងសំណល់រឹង រាវ និងសំរាមដែលបានបង្កើតឡើងនៅក្នុងទីតាំងរោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ភោជនីយដ្ឋាន អាជីវកម្ម សេវាកម្ម តាមទីផ្សារ បុរីនិងតាមលំនៅដ្ឋាន និងនៅតាមទីធ្លាសាធារណៈនានាដើម្បីរក្សាអនាម័យបរិស្ថានឱ្យបានស្អាតល្អ និងធ្វើឱ្យសុខុមាលភាពសាធារណៈកាន់តែល្អប្រសើរ ពលរដ្ឋមានសុខភាពល្អ លំនៅដ្ឋាន កន្លែងការងារ និងទីក្រុង សហគមន៍របស់យើងមានសោភ័ណភាពស្អាត។
