header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ គឺជាខួប២៧ឆ្នាំនៃការឯកភាពគ្នា រវាងខ្មែរនិងខ្មែរ ក្នុងការឯកភាពគ្នាឈានដល់ការប​ញ្ចប់សង្គ្រាម ហើយនាំមកនូវសន្តិភាពវិញ ដែលគេឲ្យឈ្មោះថា «កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១»

បើគិតចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ រហូតមកដល់ថ្ងៃទី២៣ តុលា ឆ្នាំ២០១៨នេះ គឺ២៧ឆ្នាំហើយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

លោក សុខ ឥសាន មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៧ តុលានេះថា ក្រោយថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ទោះបីសាធារណរដ្ឋប្រជាមានិតកម្ពុជាកាន់កាប់ប្រជាជន និងទឹកដីជាង៨០ភាគរយ ក៏ប៉ុន្តែដោយមិនចង់ឃើញទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដោយសារសង្គ្រាម ទើបគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវនយោបាយបង្រួបបង្រួមជាតិ ស្វែងរកការចរចា ដើម្បីបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពជូនជាតិមាតុភូមិកម្ពុជា និងប្រជាជនកម្ពុជា ដែលនាំឲ្យមានការជួបចរចារវាងសម្តេចព្រះនរោត្តម សីហនុ និងប្រធានរដ្ឋាភិបាលចម្រុះ​ត្រីភាគីនៅជាយដែន និងសម្តេចតេជោ ហ៊ុន សែន តំណាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតុកម្ពុជា។

លោកបន្តថា ក្រោមការជួយសម្របសម្រួលពីប្រទេសបារាំង និងប្រទេសឥណ្ឌូណេស៊ីកិច្ចព្រមព្រៀងមួយ ស្តីពីកម្ពុជាត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ដែលមានប្រទេសបារាំង និងឥណ្ឌូណេស៊ី ជាសហប្រធាន និងមានប្រទេស១៦ទៀត និងតំណាងអគ្គលេខា អសប ជាហត្ថលេខី ព្រមទាំងភាគីខ្មែរក្នុងជម្លោះក៏ចុះហត្ថលេខាដែរ។

លោកក៏បានលើកឡើងថា ដើម្បីឲ្យបានសម្រេចការអនុវត្តកិច្ចព្រមព្រៀងនេះ ត្រូវមានយន្តការមួយហៅថា អាជ្ញាធរបណ្តោះអាសន្នអសប ហៅកាត់ថា អ៊ុនតាក់ និងមានក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា(SNC)ជាតំណាងអធិបតេយ្យភាព​កម្ពុជា ចាត់ចែងបណ្តាការងារសំដៅ សម្រេចកិច្ចព្រមព្រៀងរួមមាន ៖ ១. ការដកកងទ័ពបរទេសទាំងអស់ចេញពីកម្ពុជា ដោយមានការត្រួតពិនិត្យជាអន្តរជាតិ។

២. ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួននៅក្រៅប្រទេស មកក្នុងកម្ពុជាវិញ ដោយ​មានការត្រួតពិនិត្យពីអសបពីបញ្ហាសិទ្ធិមនុស្សការរើសអើងជាតិសាសន៍ និងការសងសិក។

៣- ការ​រៀប​ចំការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ដោយអ៊ុនតាក់ ដើម្បីបង្កើតសភាធម្មនុញ្ញតាក់តែងរដ្ឋធម្មនុញ្ញមួយសម្រាប់កម្ពុជារួចហើយ នឹងក្លាយទៅជារដ្ឋសភាជាតិនីតិកាលទី១។

៤- ការធានាជាអន្តរជាតិនូវឯករាជ្យអធិបតេយ្យភាព និងភាពមិនអាចបំបែកបាននៃកម្ពុជា។

៥- ការស្តារ និងកសាងប្រទេស កម្ពុជាឡើងវិញ ក្រោមការសន្យារបស់បណ្តាប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀង។

លោកបញ្ជាក់ថា ក្រោយការបោះឆ្នោតនៅឆ្នាំ១៩៩៣ រៀបចំដោយអ៊ុនតាក់ បង្កើតរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី១រួចហើយ កម្លាំងអ៊ុនតាក់ទាំងអស់ ត្រូវដកចេញពីកម្ពុជា។

បណ្តាចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀង នឹងត្រូវបញ្ជូលទៅក្នុងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រូមមាន ៖ របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស,  របបរាជា និយមអាស្រ័យរដ្ឋធម្មនុញ្ញ, អំណាចទាំងបី នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការចែកដាច់ពីគ្នា និងមានតុល្យភាព, ធានាការគោរពធម្មនុញ្ញអសប និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្សសិទ្ធិកុមារ និងស្ត្រី ការរំលោភបំពានរាងកាយ និងការធ្វើទារុណកម្ម ត្រូវលុប​បំបាត់ និងហាមឃាត់។

ជាមួយគ្នានោះដែរ លោក សុខ ឥសាន ក៏បានលើកឡើងថា ការឡើងកាន់អំណាចត្រូវឆ្លងកាត់តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ជ្រើសតាំងតំណាងរាស្ត្រ បង្កើតរាជរដ្ឋាភិបាល តាមនីតិវិធីមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ដោយត្រូវដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋតាមការសម្តែងឆន្ទៈពីប្រជាជនកម្ពុជាភាគច្រើន។ ហាមយក ឬផ្តល់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានទ័ពបរទេស ដែលនាំដល់ការខូចខាតដល់អព្យាក្រឹត្យភាព និងមិនចូលបក្សសម្ព័ន្ធយោធាណាមួយ។

លោកបានបន្តថា ក្នុងរយៈពេលជាង២៧ឆ្នាំកន្លងទៅនេះ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបញ្ហាកម្ពុជា ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ជាពិសេសបានឆ្លងកាត់ឧបសគ្គច្រើនដង ដែល ប្រាស់ចាក លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ​ ដែលត្រូវពុះពារទប់ស្កាត់ និងជំនះឲ្យខាងតែបានដូចជាករណីព្រឹត្តិការណ៍នៅឆ្នាំ១៩៩៧ និងឆ្នាំ ២០១៣-២០១៧ ជាដើម ។

លោកបញ្ជាក់ថា «សរុបមកទោះបីឆ្លងកាត់ការលំបាកយ៉ាងណា ក៏កិច្ចព្រមព្រៀង ប៉ារីសនេះនៅតែត្រូវបានធានាឲ្យ​មានសក្តានុពល និងមាននិរន្តរភាពអនុវត្តយូរអង្វែងតទៅអនាគតទៀត»

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post