header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រីអ្នកមានជម្លោះដីធ្លីម្នាក់សន្លប់ ខណៈពេលដែលរូបគាត់ និងអ្នកមានជម្លោះដីធ្លីប្រមាណ២០០នាក់ទៀត នាំគ្នាដើរដង្ហែក្បួនតាមផ្លូវពីវត្តសាមគ្គីរង្សី ក្នុងខណ្ឌមានជ័យ ឆ្ពោះទៅកាន់ ភូមិគ្រឹះសម្ដេចនាយករដ្ឋមន្ត្រី ក្បែរវិមានឯករាជ្យ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចខណ្ឌចំការមន បានព្យាយាមរារាំង នៅម្តុំស្ថានទូតវៀតណាមនាវរលាម៉ោង០៧:៥០នាទីព្រឹក​ ថ្ងៃទី២៤​ ខែតុលា​ ២០១៨នេះ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារខេមប៉ុស្តិ៍បានឲ្យដឹងថា ភ្លាមៗនោះឃើញវត្តមាន លោកអភិបាលរងរាជធានីភ្នំពេញ​បានចុះមកធ្វើការសម្របសម្រួលជាមួយនឹងបងប្អូនប្រជាពលរដ្ឋខាងលើផងដែរ ដោយយល់ព្រមទាក់ទងទៅកាន់លោក សេង ឡុង តំណាងរបស់ក្រសួងរៀបចំដែនដី​នគរ​រូបនីយកម្ម​ និងសំណង់ អោយមកចរចារជាមួយនឹងបងប្អូន​ ដើម្បីរកដំណោះស្រាយ ពាក់ព័ន្ធនឹងបញ្ហាដីធ្លីទាំងអស់នោះ មួយវិញទៀតសុំឲ្យបងប្អូនកុំបន្តដើរដង្ហែរក្បួនតាមផ្លូវបែបនេះទៀត និងបានអោយបងប្អូនមករងចាំនៅមុខក្រសួងរៀបចំដែនដី​ នគរូបនីយកម្មនិងសំណង់​ ដើម្បីរង់ចាំតំណាងរបស់បងប្អូនចូលជួបដោះស្រាយសិន ហើយភ្លាមនោះដែរលោកអភិបាលរងរាជធានី បានឲ្យសមត្ថកិច្ចទាក់ទងទៅកាន់រថយន្តសង្គ្រោះបន្ទាន់ អោយមកដឹកស្ត្រីម្នាក់ដែលសន្លប់នោះ​ យកទៅមន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់ថាប្រជា​ពលរដ្ឋប្រហែល២០០នាក់ តំណាងឲ្យប្រជាពលរដ្ឋជាង៥០០គ្រួសារ មកពីភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានមកសុំសម្រាកនិងស្នាក់នៅបណ្ដោះអាសន្ន នៅ​ក្នុងវត្តសាមគ្គី​រង្សី ដែលស្ថិតក្នុងក្រុមទី៤ ភូមិទ្រា២ សង្កាតស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០១៨នេះ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងទៀត ដូចដែលអាជ្ញាធរមូលដ្ឋានក៏បានសាកសួរដែរ តែក្រុមប្រជាពលរដ្ឋទាំងនោះអះអាងថា ដោយសារតែរង់ចាំដំណោះស្រាយ ពីអាជ្ញាធរខេត្តយូរពេក ទើបពួកគាត់បន្តស្វែងរកកិច្ចអន្តរាគមន៍ ពីស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងទៀត ឲ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាថ្មីទៀត។

លោក​ ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ បានអោយខេមប៉ុស្តិ៍ដឹងថា កាលពីរសៀលថ្ងៃទី២២ ខែតុលា​ ឆ្នាំ២០១៨ ម្សិលមិញនេះដែរ បន្ទាប់ពីទទួលបានព័ត៌មាននេះ លោក​ ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចាត់ឲ្យរូបលោកផ្ទាល់ ចុះមកពិនិត្យមើល រួមទាំងលោកឯកឧត្តម ខាន់ ចំណាន អភិបាលរងខេត្តក្រចេះ និងឯកឧត្តម ប្រាក់ សុធារ៉ា តំណាងក្រសួងដែនដី នគរូនីយកម្ម និងសំណង់ បានចុះមកវត្តសាមគ្គីរង្សី ដើម្បីសម្របសម្រួល ជាមួយបងប្អូនប្រជាពលរដ្ឋដូចសព្វមួយដង ដោយសូមឲ្យពលរដ្ឋត្រឡប់ទៅវិញ ដើម្បីរងចាំអាជ្ញាធរខេត្តរកដំណោះស្រាយ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋខាងលើ មិនព្រមត្រឡប់ទៅវិញនោះទេ ដោយសារគ្មានកិច្ចសន្យាជាក់លាក់ពីអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្ត។

លោក ភិន ធា ជាតំណាងពលរដ្ឋបានប្រាប់ឲ្យដឹងថា អ្នកភូមិប្រមាណ៥០០គ្រួសារ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ តាំងពីខែមីនា ដោយពួកគេបានឡើងមកភ្នំពេញចំនួន៧ដងហើយ ដើម្បីសុំទៅស្ថាប័នរដ្ឋកំពូលៗជួយដោះស្រាយ។ ហើយនៅពេលឡើងមកម្តងៗអាជ្ញាធរខេត្ត តែងតែចុះមកសម្របសម្រួលឲ្យពួកគាត់ត្រឡប់ទៅវិញ ដោយសន្យាពន្លឿនជួយដោះស្រាយ ប៉ុន្តែរយៈពេលកន្លងមក​ អាជ្ញាធរបានត្រឹមតែសន្យាប៉ុណ្ណោះ ដោយរង់ចាំយូពេក ទើបពួកគាត់នាំគ្នាឡើងមកម្តងទៀតបែបនេះ។

លោកបន្ថែមថា៖«សុំឲ្យគាត់ឲ្យចែកដាក់លក្ខខណ្ឌឲ្យច្បាស់ ២ហិកតាកន្លះដីភូមិ ដូចដែលគាត់ [អភិបាលខេត្ត] សន្យាពួកខ្ញុំស្នើសុំប៉ុណ្ណឹងមិនចង់បានដីដូចដើមវិញទេ។ ដីដែលគាត់បិទផ្សាយតាមផែនទីមាន ៧ពាន់ហិកតា បើបែងចែកឲ្យពួកខ្ញុំទៅនៅសល់ដីទៀត។ ដល់ពេលថ្មីៗនេះ ប្រធានមន្ទីរខេត្តគាត់មកនិយាយបកស្រាយថាដីហ្នឹងសល់៣ពាន់ហិកតា […] និយាយទៅមកៗឆ្លើយថា អត់ដឹងដីនៅណាទេ»។

ពលរដ្ឋម្នាក់ទៀតអ្នកនាង ចាន់ ស្រស់ បាននិយាយថា ការពន្យាពេលមិនដោះស្រាយបញ្ចប់វិវាទដីធ្លីជូនគាត់នេះ បានធ្វើឲ្យគ្រួសារគាត់ជួបផលលំបាកជាច្រើនដូចជាខ្វះដីបង្កបង្កើនផល គ្មានផ្ទះសម្បែងស្នាក់នៅ និងគ្មានប្រាក់ សងបំណុលគេជាដើម ហើយផ្ទះ និងដំណាំផ្សេងៗរបស់គាត់ ក៏ត្រូវក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឈួសឆាយចោលអស់ហើយ។ អ្នកនាងបន្តថា ប្រសិនបើពុំមានកិច្ចសន្យាជាក់លាក់ណាមួយពីអាជ្ញាធរពាក់ព័ន្ធក្នុងការពន្លឿនដោះស្រាយទេ គឺពួកគាត់មិនត្រឡប់ទៅវិញឡើយ​ពួកខ្ញុំលំបាកណាស់គ្មានលុយគ្មានកាក់អីទេ អញ្ចឹងហើយបានខំមកហ្នឹង។ បើគេមិនដោះស្រាយឲ្យគ្មានលុយចាយទេ។ បើមិនដោះស្រាយឲ្យខ្ញុំទេពួកខ្ញុំមិនទៅវិញទេ។ ធ្វើកិច្ចសន្យាឲ្យជាក់លាក់ឲ្យពួកខ្ញុំសិនមក ខ្ញុំអស់ជំនឿលើអាជ្ញាធរខេត្ត ហើយសន្យារហូត។សូមឲ្យសម្តេចជួយដោះស្រាយដល់ពួកខ្ញុំនៅស្រុកស្នួលខេត្តក្រច្រះនេះផង។

អភិបាលរងខេត្តក្រចេះលោក ខាន់ ចំណាន ដែលចុះសម្របសម្រួលបានថ្លែង និងសន្យាចំពោះមុខពលរដ្ឋថា នឹងដោះស្រាយបញ្ចប់វិវាទដីធ្លីនេះឲ្យនៅអំឡុងខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ អាជ្ញាធរខេត្តកំពុងដំណើរការដោះស្រាយជូនពលរដ្ឋទាំងនោះហើយ ដោយបញ្ជាក់ថាមូលហេតុយឺតយ៉ាវ គឺដោយសារមន្រ្តីអាជ្ញាធរខេត្ត ត្រូវកែតម្រូវឈ្មោះខុស របស់ពលរដ្ឋមួយចំនួន និងកំពុងដំណើរការពិនិត្យ អត្តសញ្ញាណកម្មក្បាលដី ឲ្យបានច្បាស់លាស់។

អភិបាលរងខេត្តបន្តថា បើបងប្អូនមិនច្បាស់អីរឿងការងារហ្នឹង បងប្អូនអាចជួបជាមួយលោកអភិបាលខេត្ត បើមិនច្បាស់អីរឿងការងារ ពីមួយដំណាក់កាលទៅមួយដំណាក់កាល បងប្អូនទៅជួបការងារដោះស្រាយដីធ្លីខេត្ត។ ខ្ញុំចង់ឲ្យតែលឿនទេខ្ញុំនោះ។ នេះបងខាងមន្រ្តីក្រសួងជួយដឹងលឺ គ្រាន់តែខ្ញុំថាដោះស្រាយឲ្យនៅខែប្រាំងនេះគាត់ខ្លាចយើងមិនទាន់ទៀត»។

បើទោះបីជាមានការសម្របសម្រួលបញ្ចុះបញ្ចូល និងសន្យាពន្លឿនដោះស្រាយពីថ្នាក់ដឹកនាំខេត្ត និងមន្រ្តីក្រសួងរៀបចំដែនដីយ៉ាងណាក៏ដោយ គឺពលរដ្ឋទាំងនោះមិនព្រមត្រឡប់ទៅវិញតាមការស្នើសុំឡើយ ដោយពួកគាត់សុំអាជ្ញាធរមូលដ្ឋាននិងចៅអធិការវត្ត​ សម្រាកនិងស្នាក់នៅវត្តសាមគ្ដីរង្សីនោះបណ្ដោះអាសន្នសិន និងបានទាមទារទៅអាជ្ញាធរខេត្ត និងមន្រ្តីក្រសួងធ្វើកិច្ចសន្យាចុះដោះស្រាយជាក់លាក់មួយជូនពួកគេ ប៉ុន្តែមន្រ្តីពាក់ព័ន្ធទាំងនោះមិនបានធ្វើកិច្ចសន្យាឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post