អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា(CPP) លោក សុខ ឥសាន បានអះអាងថា ក្រុមបាតុកម្មប្រឆាំងនឹងសម្តេចយតេជោ ហ៊ុន សែន នៅអង្គការសហប្រជាជាតិ (UN) បានទទួល បរាជ័យយ៉ាងម៉ាស់បំផុត។

លោក សុខ ឥសាន បានឲ្យដឹងប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨នេះថា នៅពេលដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាតិ លើកទី៧៣ មានពួកខ្មែរក្រៅស្រុកមួយចំនួន បានប្រមូលគ្នាមកធ្វើបាតុកម្មស្រែកឡូឡាបែបអនាធិបេយ្យ នៅទីកន្លែងមួយឆ្ងាយពីទីស្នាក់ការ (អ.ស.ប) ប្រឆាំងនឹងវត្តមានរបស់សម្តេចតេជោ និងគណៈប្រតិភូ។ ប៉ុន្តែ ការតវ៉ារបស់ពួកគេគ្មានប្រសិទ្ធភាពអ្វីឡើយ ដោយសារគណៈប្រតិភូនៅតែអាចដំណើរការកាងាររបស់ខ្លួនបានដោយរលូនតាមកម្មវិធីគ្រោងទុក។

លោកបន្តថា សម្តេចតេជោ បានឡើងថ្លែងការណ៍ក្នុងអង្គមហាសន្និបាតយ៉ាងមហោឡារិកនៅចំពោះមុខមេដឹកនាំបណ្តាប្រទេសនៅលើពិភពលោក។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានជួបពិភាក្សាការងារ ជាមួយលោកអគ្គលេខាធិការអ.ស.ប នឹងមេដឹនាំបណ្តាប្រទេសមួយចំនួនទៀត ដើម្បីរឹតចំណងទាក់ទង និងសហប្រតិបត្តិការជាមួយគ្នា។

លោកបន្ថែមថា សម្តេចតេជោ បានជួបសំណេះសំណាល ជាមួយបងប្អូនរួមឈាមខ្មែរ រស់នៅបរទេសរាប់រយពាន់នាក់ ដែលអញ្ជើញមករង់ចំស្វាគមន៍សម្តេចយ៉ាងកក់ក្តៅ ដោយសេចក្ដីនឹករលឹក។

ដូច្នេះសកម្មភាពប្រឆាំងនឹងសម្តេចតេជោ របស់ពួកខ្មែរប្រឆាំងមួយក្រុមនោះ មិនអាចរារាំងដល់បេសសកម្មរបស់សម្តេចតេជោ និងគណៈប្រតិភូតាមបំណងប្រាថ្នារបស់ពួកគេបានឡើយ។

លោក សុខ ឥសាន បញ្ជាក់ថា «អាសនៈកម្ពុជានៅអង្គការសហប្រជាតិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុ ជា ស្របច្បាប់កាន់កាប់ដដែល។ បញ្ហាកម្ពុជា ដែលពួកខ្មែរប្រឆាំងក្រៅប្រទេសនាំគ្នាស្រែកថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយនោះ មិនត្រូវបានមហាសន្និបាត និងប្រទេសណាលើកយកមកនិយាយមួយម៉ាត់ណាទាល់តែសោះ។ ដូច្នេះ ពួកខ្មែរនៅក្រៅប្រទេស នាំគ្នាមកធ្វើបាតុកម្មប្រឆាំងនោះ បានត្រឹមស្ពាយយកនូវបរាជ័ដ៏អាម៉ាស់ ត្រឡប់ទៅផ្ទះផ្ញើប្រពន្ធកូនវិញតែប៉ុណ្ណោះ»។

សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានេះ បន្ទាប់ពីក្រុមបាតុករគាំទ្រអតីតបក្សប្រឆាំង បានធ្វើបាតុកម្មនៅអង្គការសហប្រជាជាតិមានចំនួនតិច ហើយមិនទទួលបានលទ្ធផលអ្វីនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post