header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌឫស្សីកែ បានស្នើសុំឲ្យ​អាជ្ញាធររាជធានីភ្នំពេញ ជួយអន្តរាគមន៍ទៅក្រសួងសុខាភិបាល ធ្វើយ៉ាងណាចាត់វិធានការទៅលើក្រុមរថយន្តសាមុយដឹកជញ្ជូនអ្នកជំងឺ និងគ្រូពេទ្យមួយចំនួន ដែលធ្វើសកម្មភាពជំរិតទារលុយ និងព្រងើយកន្តើយជាមួយអ្នកជំងឺ​រហូតធ្វើឲ្យ​អ្នកជំងឺ​ស្លាប់ទាំងមិនអស់ចិត្ត។

ស្នើសុំបែបនេះ របស់ប្រជាពលរដ្ឋបានធ្វើឡើងនៅមជ្ឈមណ្ឌលម៉ូឌែន៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ វិច្ឆិកា ២០១៨នេះ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរូមពីប្រជាពលរដ្ឋជាង៥០០រយនាក់ផងដែរ។

ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌឫស្សីកែវ បានលើកឡើងទាំងមានកំហឹងថា កាលពីថ្ងៃ២៩ មិថុនា ២០១៨កន្លងមកនេះ កូនប្រុសរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍មួយ នៅខណ្ឌច្បារអំពៅ ហើយត្រូវបានរថយន្តសាមុយទៅដល់កន្លែងកើតហេតុភ្លាម ព្រមទាំងបានលើកជនរងគ្រោះដាក់លើឡាន តែមិនព្រមចេញទេ ដោយនិយាយថា ចាំភរិយាជនរងគ្រោះមកសិន និងបានពន្យារពេលយ៉ាងយូរ ទារលុយថ្លៃដឹក និងថ្លៃរុំរបួសនៅលើឡានថែមទៀត។ ការព្រងើយ កន្តើយបែបនេះ ពេលដឹកមកដល់មន្ទីរពេទ្យព្រះកុសមៈកូនរបស់គាត់ក៏បានសន្លប់បាត់ស្មារតី និងឈានស្លាប់បាត់បង់ជីវិតគួរអោយសង្វេគបំផុត ដែលនេះជាទង្វើអសីលធម៌ដ៏ធ្ងន់ធ្ងរបំផុត ដែលមិនអាចទទួលយកបានទាស់តែសោះ។ ដូច្នេះទេ ពួកគាត់សូមអោយរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធររាជធានីភ្នំពេញ មានវិធានការលើបញ្ហាខាងលើនេះផង។ បើនៅតែបែបនេះ ប្រជាពលរដ្ឋស្លាប់អស់ហើយ។

ជុំវិញបញ្ហារបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងខាងលើនេះ ត្រូវបានតំណាងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់អោយដឹងថា នៅថ្ងៃ២៩ មិថុនា ២០១៨នោះ គឺមិនមានរថយន្តសាមុយរបស់ពេទ្យបង្អែកច្បារអំពៅទៅដឹកជនរងដោយគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅនោះទេ អាចជារថយន្តសាមុយឯកជន បើឡានរបស់រដ្ឋពាក់ស្លាកលេខរដ្ឋហើយ បើរដ្ឋ គឺមិនទារលុយមុននោះទេ។ ចំពោះរថយន្តសាមុយឯកជននេះ ក្រសួងក៏បានចេញការណែនាំរួចហើយ គឺមិនអោយដឹកជនរងគ្រោះនៅតាមផ្លូវសាធារណៈនោះទេ ប៉ុន្តែពួកគេនៅតែបន្តសកម្មភាពដដែល​ ដែលយើងទាំងអស់គ្នាត្រូវសហការ ក៏ដូចជារាយការណ៍ ដើម្បីយើងមានវិធានការចំពោះរថយន្តសាមុយឯកជនទាំងនោះ។

ក្រៅពីការលើកឡើងនូវបញ្ហាខាងលើ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនោះ ប្រជាពលរដ្ឋក៏បានលើកឡើងនូវបញ្ហាមួយចំនួនទៀតរហូតដល់១៨បញ្ហា ពោលគឺមានទាំងពីបញ្ហាដីធ្លី ដែលគេរំលោភ ការសុំផ្តល់កម្មសិទ្ធិដីធ្លីនៅតំបន់មិនរៀបរយ បញ្ហាអត្តសញ្ញាណប័ណ្ណ មានភាពយឺតយ៉ាវ ដោយធ្វើមួយឆ្នាំហើយមិនទាន់បាន និងបញ្ហាទឹក ភ្លើងអគ្គិសនីជាដើម។

លោក​ម៉ប់ សារិន បានមានប្រសាសន៍បញ្ជាក់ឲ្យ​ដឹងថា ដីនៅតំបន់មិនរៀបរយ ជាដីរបស់រដ្ឋ ប្រជាពលរដ្ឋទាមទារធ្វើជាកម្មសិទ្ធិស្របច្បាប់។ បញ្ហានេះការដោះស្រាយត្រូវប្រើពេលយូរអង្វែង ទើបអាចដោះស្រាយបញ្ហាទាំងនេះបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហានេះ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដី បាននឹងកំពុងធ្វើដោះស្រាយបណ្តើរៗហើយ។ តែលោកជឿជាក់ថា នឹងមានការដោះបានល្អប្រសើរ ដែលអាចអោយប្រជាពលរដ្ឋទទួលយកបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post