header ads

Sponsor

រិទ្ធី

នៅថ្ងៃទី៦ ខែវិច្ឆិកានេះ លោក សម រង្ស៊ី បានបង្ហើបថា លោក កឹម សុខា នឹងត្រូវបានដោះលែង នៅចុងឆ្នាំ ២០១៨ នេះ។ តាមរយៈសំណេរក្នុងហ្វេសប៊ុកផ្លូវការ លោក សម រង្ស៊ី ថា៖ យើងបានទទួលបានព័ត៌មានពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ថាលោក ហ៊ុន សែន នឹងដោះលែងលោក កឹម សុខា នៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ ក្នុងឱកាសខួបទី ២០ នៃ "នយោបាយឈ្នះៗ" ដែលលោក ហ៊ុន សែន តែងតែយកមកអួតអាង។

អតីតប្រធានអតីតបក្សប្រឆាំងរូបនេះអះអាងថា៖ តាមការពិតការដោះលែងលោក កឹម សុខា នេះ គឺធ្វើឡើងក្រោមសម្ពាធអន្តរជាតិសុទ្ធសាធ ហើយជាជំហានទី១ ដើម្បីជៀសវាងទណ្ឌកម្មពាណិជ្ជកម្ម ពីសហភាពអឺរ៉ុប។ ជំហានទី២ ដែលលោក ហ៊ុន សែន កំពុងតែទីទើនៅឡើយ គឺការបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ។

លោក សម រង្ស៊ី មានជំនឿយ៉ាងមុតមាំថា សម្តេច ហ៊ុន សែន ត្រូវតែដោះលែងលោក កឹម សុខា ដោយទម្លាក់ចោលការចោទប្រកាន់ពីបទ ក្បត់ជាតិ ដែលតុលាការអាយ៉ងរបស់គាត់ បានដាក់មកលើលោក កឹម សុខា។

សហគមន៍អន្តរជាតិ មិនជឿទាល់តែសោះ ចំពោះការចោទប្រកាន់លើគោកបែបនេះ។ ជាពិសេស សហគមន៍អន្តរជាតិលើកឡើងថា លោក ហ៊ុន សែន មិនអាចឱ្យតុលាការអាយ៉ងរបស់គាត់ កាត់ទោសលោក កឹម សុខា ពីបទក្បត់ជាតិ បានទេ បើតុលាការនោះមិនចោទប្រកាន់លោក សម រង្ស៊ី ផងដែរ ពីបទ ក្បត់ជាតិ ដូចគ្នា ពីព្រោះតាមលិខិតមួយច្បាប់របស់លោក សម រង្ស៊ី ខាងក្រោមនេះ អ្នកដែលមានទំនាក់ទំនងជាមួយអាមេរិកាំងច្រើនជាងគេ ញឹកញាប់ជាងគេ និងស៊ីជម្រៅជាងគេ ក្នុងគម្រោងនាំមកនូវការផ្លាស់ប្តូរតាមបែបបទប្រជាធិបតេយ្យ នៅកម្ពុជា

លោក សម រង្ស៊ី បានចោទប្រកាន់ថាអ្វីដែលលោក ហ៊ុន សែន ហៅថាបដិវត្តន៍ពណ៌នោះ អ្នកទទួលខុសត្រូវខ្ពស់ជាងគេនោះ គឺលោក សម រង្ស៊ី តែម្តង ដែលមានឋានៈជាប្រធានគណបក្សសង្គ្រោះជាតិ តាំងពីគណបក្សនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២។ 
លោក សម រង្ស៊ី បានរំលឹកថា នៅពេលដែលលោក កឹម សុខា ធ្វើសុន្ទរកថា នៅប្រទេសអូស្ត្រាលី ក្នុងថ្ងៃ០៩ ខែធ្នូ ឆ្នាំ ២០១៣ ពេលនោះ លោក កឹម សុខា មានឋានៈជាអនុប្រធាន នៃគណបក្សសង្គ្រោះជាតិ តែលោក សម រង្ស៊ី មានឋានៈជាប្រធាន គឺជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេបង្អស់ បើមានអំពើ ក្បត់ជាតិ ណាមួយមែននោះ។

សូមរំលឹកថា លោក សម រង្ស៊ី ធ្លាប់បានអះអាងថាគណបក្សសង្គ្រោះជាតិនឹងដំណើរការឡើងវិញឆាប់ៗនេះ ហើយមន្ត្រីជាន់ខ្ពស់ទាំង១១៨របស់CNRP ដែលត្រូវបានហាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ក៏អាចចូលរួមធ្វើនយោបាយវិញបានដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post