header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ករណីហិង្សាមួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់ បានធ្ងន់ ក្រោយពីមានប្តីប្រពន្ធមួយគូ​ បានឈ្លោះប្រកែកគ្នា ហើយប្រពន្ធ​រត់ទៅពួននៅផ្ទះអ្នកជិតខាង ធ្វើឲ្យបុរសជាប្តីខឹង ក៏នាំបក្ខពួកប្រមាណ ៥ទៅ ៦នាក់ មកព្រួតវាយម្ចាស់ផ្ទះទៅវិញ រំលងបាន២ថ្ងៃ ក្រោយពីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត​ ពុំមានសង្ឃឹម ទើបក្រុមគ្រួសារ​បញ្ជូនទៅព្យាបាលនៅវៀតណាម តែដោយសារតែស្ថានភាព​របួសធ្ងន់​​ពេក ទើបជនរងគ្រោះស្លាប់ ខណៈជនសង្ស័យ ក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ ក្នុងចំណោមបក្ខពួក៤ទៅ៥នាក់ទៀត កំពុងគេចខ្លួនបាត់ស្រមោល។

ករណីហិង្សាខាងលើនេះ​ បានកើតឡើងកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លុះដល់យប់ថ្ងៃទី៥ ខែវិច្ឆិកា ជនរងគ្រោះបានស្លាប់ ហើយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមស្លែង ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ជនសង្ស័យក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ កែវ សុផា (ហៅអាតឿ) អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះ សុខ ស៊ឺង អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់មកកាន់ភ្នាក់ងារ​ ខេមប៉ុស្តិ៍​​ ឲ្យ​ដឹង​ថា ដំបូងឡើយ​ មុនពេលកើតហេតុ កាលយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មាករណីជម្លោះក្នុងគ្រួសារមួយបានកើតឡើង ដោយស្រ្តីជាប្រពន្ធរបស់ក្រុមជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួកទាំងអស់ បានរត់មកពួនក្នុងផ្ទះរបស់ជនរងគ្រោះ និងចាក់សោខាងក្នុងជាប់ ធ្វើឲ្យបុរសជាប្តីខឹង វាយមិនបាន ក៏ដើរចេញមកក្រៅវិញ ហើយជនដៃដល់រូបនោះ បានរុញម៉ូតូរបស់ជនរងគ្រោះផ្តួល ទើបកើតជាជម្លោះជាមួយជនរងគ្រោះជាម្ចាស់ផ្ទះ ហើយជនដៃដល់ក៏បានលើកបក្ខពួកប្រមាណ៥ទៅ៦នាក់ ប្រដាប់ដោយកាំបិត និងឈើជ្រុងគ្រប់ដៃ មកព្រួតវាយទៅលើជនរងគ្រោះត្រូវចំក្បាល បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងនាំគ្នារត់គេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះ ដែលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ​ ពុំមានសង្ឃឹម ទើបបញ្ជូនទៅព្យាបាលនៅវៀតណាម ។

លុះដល់វេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ រំលងបាន២ថ្ងៃ ដោយសារតែស្ថានភាព​របួសធ្ងន់ធ្ងរ​ពេក ជនរងគ្រោះបាត់បង់ជីវិតហើយ ទើបក្រុមគ្រួសារ​​ដឹកសពត្រឡប់មកផ្ទះវិញ ដើម្បីរៀបចំ​ធ្វើ​បុណ្យ​តាមប្រពៃណី ហើយនៅវេលាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមត្ថកិច្ចក៏បានបានធ្វើការស្រាវជ្រាវ ចាប់ខ្លួនបានបក្ខពួកក្រុមជនដៃដល់ម្នាក់ ក្នុងចំណោម​បក្ខពួក៤ទៅ៥នាក់ទៀត បានគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាន​នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ និងស្រាវជ្រាវរកចាប់ខ្លួនជនដៃដល់ និងបក្ខពួកដែលនៅសេសសល់បន្តបន្ទាប់ទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post