ភ្នំពេញៈ គួរឲ្យអាសូរ! បុរសម្នាក់ បានបណ្ដើរកង់មួយគ្រឿង ដើរហាត់ប្រាណ លុះមកដល់មុខក្រសួងរ៉ែនិងថាមពល ស្រាប់តែ ងងឹតមុខ សង្ស័យខ្យល់គរ ដេកដួលក្បែរកង់ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលឃើញ រត់មកជួយសង្គ្រោះដែរ តែអកុសល គាត់ក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចចុះមកពិនិត្យមើល ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០៥:៥០នាទីល្ងាច ថ្ងៃអង្គារ ទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅទល់មុខក្រសួងរ៉ែ និងថាមពល ផ្លូវប៉ាស្ទ័រ (ផ្លូប៥១) ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេតែងតែឃើញបុរសរងគ្រោះខាងលើ ជិះកង់មួយគ្រឿង ហាត់ប្រាណ ទៅវិញទៅមក ជារៀងរាល់ល្ងាចផងដែរ តែនៅវេលាម៉ោងកើតហេតុខាងលើ មិនឃើញបុរសរងគ្រោះជិះកង់ទេ តែឃើញបណ្ដើរកង់ដើរ ធ្វើដំណើរ ពីជើងទៅត្បូង ស្រាប់តែមកដល់មុខក្រសួងរ៉ែ និងថាមពល ដេកដួលក្បែរកង់ (សង្ស័យខ្យល់គរ ស្រាប់ងងឹតមុខ) បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋជិតខាងឃើញ ក៏នាំគ្នាជួយលើក និងសង្គ្រោះបឋម យកប្រេង កូឡា លាបរឹត និងហៅរថយន្តសង្គ្រោះ រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុដែរ តែជាអកុសលបុរសរងគ្រោះខាងលើ ឡើងស្លេះពេញក្នុងមាត់ ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបឃើញមានថ្នាំមួយកញ្ចប់ដែរ នៅជាប់ខ្លួន បុរសជនរងគ្រោះ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែង រួចព័ទ្ធខ្សែជុំវិញកន្លែងកើតហេតុ ដើម្បីរង់ចាំសមត្ថកិច្ចជំនាញកោសល្យវិច័យចុះមកពិនិត្យជាក់ស្តែង ។
បច្ចុប្បន្នសពបុរសរងគ្រោះខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយកំពុងរង់ចាំសមត្ថកិច្ចផ្នែកកោសល្យវិច័យចុះមកត្រួតពិនិត្យ និងស្រាវជ្រាវរកមូលហេតុសិន តែបើតាមការប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា សង្ស័យខ្យល់គរ ហើយឡើងស្លេះពេញមាត់តែម្ដង ៕