header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ ដែលត្រូវជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានប្រារពធ្វើពិធីសូត្រមន្តបង្សុកូល ទៅតាមទំនៀមទម្លាប់ប្រពៃណីសាសនា ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតកាលពី៨ឆ្នាំមុន (២២ វិច្ឆិកា ២០១០-២២ វិច្ឆិកា ២០១៨) ក្នុងឧបទ្ទវហេតុរត់ជាន់គ្នា លើអតីតស្ពានពេជ្រ កោះពេជ្រ។

ពិធីរំឭកវិញ្ញាណក្ខន្ធនេះ បានប្រារពធ្វើនៅខាងមុខស្តូបរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ ស្ថិតនៅជាប់ស្ពាននាគ នៃតំបន់កោះពេជ្រ ជាទីដែលជនរងគ្រោះបានបាត់បង់ជីវិតកាលពី៨ឆ្នាំមុន ដោយមានការចូលរួមពីលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និងមន្ត្រីរាជការ អាជ្ញាធរដែនដី សាច់ញាតិក្រុមគ្រួសារបស់ជនរងគ្រោះ និងប្រជាពលរដ្ឋមួយចំនួនទៀត។

ពិធីនេះ ធ្វើឡើងតាមបែបសាសនា ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធជនរងគ្រោះ និងសូមបូងសូងឲ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ម្យ៉ាងទៀត ក៏បានបង្ហាញឲ្យឃើញពីមនោសញ្ចេតនាសោកស្តាយ អាឡោះអាល័យយ៉ាងក្រៃលែង ជាមួយក្រុមគ្រួសារជនរងគ្រោះ ចំពោះការបាត់បង់សមាជិកគ្រួសារក្នុងហេតុការណ៍ដ៏សោកសង្រេងកាលពី៨ឆ្នាំមុន។

គួររំឭកថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១០ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានឧបទ្ទវហេតុរត់ជាន់គ្នាបានកើតឡើង នៅលើស្ពានកោះពេជ្រ បណ្តាលឲ្យមនុស្សស្លាប់៣៥៣នាក់ និងរងរបួសជាង៤០០នាក់ទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post