header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ដែលគេស្គាល់ច្បាស់ថា ជាមន្ត្រីនគរបាលនៅនាយកដ្ឋានធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) បានបាញ់ទម្លុះរថយន្តរបស់ខ្លួន អស់១១គ្រាប់ ដោយសារខឹងម្ដាយទៅរករឿង ខណៈពេលខ្លួនកំពុងច្រៀងលេងកម្សាន្តសប្បាយនៅក្នុងហាងខារ៉ាអូខេយីហោ “ពិភពរាត្រី” ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

មន្ត្រីអាវុធហត្ថម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ខេមប៉ុស្ដិ៍ឲ្យដឹងថា មន្ត្រីនគរបាលបង្កការបាញ់បោះខាងលើ ត្រូវបានកម្លាំងអាវុធហត្ថស្គាល់អត្តសញ្ញាណហើយ។

បើតាមមន្ត្រីអាវុធហត្ថរូបនេះ នៅមុនពេលកើតហេតុ មន្ត្រីនគរបាលជាជនបង្កបានបើករថយន្តម៉ាក ហាយឡែនឌ័រ ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2D-3913 មកចូលច្រៀងខារ៉ាអូខេនៅហាង “ពិភពរាត្រី” ខាងលើ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែលេចមុខម្ដាយ ដោយបានទៅរករឿងដល់កន្លែងតែម្ដង ធ្វើឲ្យមន្ត្រីនគរបាលរូបនោះ មានការខឹងសម្បារនឹងម្ដាយយ៉ាងខ្លាំង ព្រោះខ្លួនកំពុងរាំលេងសប្បាយជាមួយនាងៗ ហើយស្ទុះដើរចេញមកខាងក្រៅ រួចធ្វើសកម្មភាពដកកាំភ្លើងបាញ់សំដៅរថយន្តរបស់ខ្លួនអស់ចំនួន១១គ្រាប់ បណ្ដាលឲ្យធ្លុះកញ្ចក់រថយន្តផ្នែកខាងមុខ។ ភ្លាមៗនោះ ដោយសារស្នូរសំឡេងផ្ទុះនៃគ្រាប់កាំភ្លើង បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចខណ្ឌចំការមុន ចុះមកដល់កន្លែងភ្លាមៗ។

ក្រោយបញ្ចេញចរិកខ្លាំង ដោយបង្កការបាញ់បោះរួច ជនបង្កមិនបាននៅកន្លែងកើតហេតុនោះទេ ពោល គឺទាំងម្ដាយ និងកូន បានដាក់មេប្រូចបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ ចំណែកលោក យិន សាន្ត អធិការនគរបាលខណ្ឌចំការមន និងកម្លាំងនគរបាល ព្រមទាំងកម្លាំងអាវុធហត្ថ បានចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការតាមជំនាញ។

សូមបញ្ជាក់ថា ក្រោយពេលកើតហេតុភ្លាមៗ រថយន្តរងការបាញ់ប្រហារដោយគ្រាប់កាំភ្លើងរបស់មន្ត្រីនគរបាលរូបនោះ ត្រូវបានក្រុមសន្តិសុខរុញចេញទៅលាក់ទុកនៅចម្ងាយប្រហែល១០០ម៉ែត្រ ពីកន្លែងបាញ់នៅចំណុចមុខខារ៉ាអូខេ “ពិភពរាត្រី”។

ទោះជាយ៉ាងណា មន្ត្រីអាវុធហត្ថដដែលបានបញ្ជាក់ថា នឹងធ្វើការស្រាវជ្រាវរកមន្ត្រីនគរបាល ដែលជាជនបង្កការបាញ់បោះនោះ យកមកដោះស្រាយតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post