header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី បានបង្ហាញពីមោទក​ភាព ក្នុងនាមជាអ្នកដឹកនាំអស់រយៈពេល៤ឆ្នាំ ដែលបានបង្កើតព្រឹត្តិការណ៍ និងសមទ្ធផលធំៗចំនួន៤ សម្រាប់បំបែកកំណត់ត្រាពិភពលោក ដើម្បីឲ្យទង់ជាតិកម្ពុជាក្រវីនៅលើពិភពលោក ដូច្នេះមានតែទង់ជាតិកម្ពុជា១គត់ ដែលក្រវីនៅលើពិភពលោក ខណៈអ្នកវិភាគនយោបាយ ដែលកំពុងគេចខ្លួននៅក្រៅ បានរិះគន់ចំពោះ ស.ស.យ.ក ដែលបង្កើតព្រឹត្តិការណ៍ទាំងនេះ នាំឲ្យខ្ជះខ្ជាយថវិកាអត់ប្រយោជន៍។

ព្រឹត្តិការណ៍ធំៗចំនួន៤ ដែលបំបែកកំណត់ត្រាពិភពលោក រួមមាន៖ ទី១-ទូកងវែងគេក្នុងពិភពលោក មានប្រវែងជិត ១០០ម៉ែត្រ , ទី២-ក្រម៉ាវែងជាងគេជាង១ពាន់ម៉ែត្រ , ទី៣- រាំចង្វាក់ម៉ាឌីសុន មានអ្នកចូលរួមជាង២ពាន់នាក់ និងទី៤-វេចនំអន្សមយក្សទម្ងន់រហូតដល់ទៅជាង៤តោន។

ការថ្លែងរបស់លោកនេះ បន្ទាប់ពីវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៦ វិច្ឆិកា បានចេញផ្សាយថា អ្នកវិភាគនយោបាយលោក គឹម សុខ យល់ថា ការបំបែកឯតទគ្គកម្មនេះទាំងអស់ របស់ស.ស.យ.ក ដែលគ្រប់គ្រងដោយលោក ហ៊ុន ម៉ានី បានត្រឹមតែធ្វើឲ្យកម្ពុជាបាត់បង់ ឬខ្ជះខ្ជាយថវិកា ពេលវេលា និងធនធានមនុស្ស ហើយថែមទាំងធ្វើឲ្យយុវជន អាចសប្បាយភ្លេចខ្លួនទៀតផង”។

លោក គឹម សុខ បន្តថា តាមពិតទៅប្រសិនបើកម្ពុជាមានឱកាស និងមានការដឹកនាំត្រឹមត្រូវនោះ គឺពលរដ្ឋកម្ពុជាអាច មានសមត្ថភាព បញ្ចេញស្នាដៃបំបែកឯតទគ្គកម្មពិភពលោក ផ្នែកដទៃទៀតជាច្រើន ដូចជាងខាងវិទ្យាសាស្ត្រ សំណង់ ស្ថាបត្យកម្មជាដើម មិនមែនត្រឹមតែធ្វើទូកវែង ក្រម៉ាវែង វេចនំអន្យមធំ និងកេនមនុស្សច្រើនរាំបទម៉ាឌីសុននោះទេ។

ឆ្លើយតបក្នុងមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី៤ របស់ ស.ស.យ.ក នៅថ្ងៃទី២៧ វិច្ឆិកា លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា គេថា ធ្វើទូកវែងជាងគេលើពិភពលោក តើអាចធ្វើផ្លូវវែងជាងគេ នៅលើពិភពលោកបានអត់កាលធ្វើអន្សមយក្ស ៤ពាន់៤០គីឡូ គេសួរថា ចាយលុយខ្ជះខ្ជាយ ការរាំចង្វាក់ម៉ាឌីសុន ២ពាន់១៥នាក់ដូចគ្នាដែរ ទាំងអន្សមយក្ស ទាំងម៉ាឌីសុន ទាំងក្រម៉ា និងទូកវែងជាងគេ លើពិភពលោក សុទ្ធមានការលើកឡើងថា ចាយលុយខ្ជះខ្ជាយ ហើយបានធ្វើអី។ តែយើងធ្វើដើម្បីអី ដើម្បីទង់ជាតិមួយហ្នឹងហើយ គ្រវីនៅលើពិភពលោក ហើយទង់ជាតិហ្នឹង មានតែមួយគត់ គឺទង់ជាតិកម្ពុជា

លោកបញ្ជាក់ថា ស.ស.យ.ក មិនអាចទិញកិត្តិយស ជូនប្រទេសជាតិបានឡើយ ដូច្នេះអ្វីដែល ស.ស.យ.ក បានចំណាយនេះ មានការថ្លឹងថ្លែងយ៉ាងច្បាស់។ លោកក៏បានឆ្លៀតយកឱកាសនេះ សំណូមពរឲ្យប្រជាពលរខ្មែរចង់ចាំពី “នយោបាយ ឈ្នះ-ឈ្នះ” របស់រាជរដ្ឋាភិបាកម្ពុជាផងដែត។

លោក ហ៊ុន ម៉ានី ក៏បានអំពាវនាវសមាជិក ស.ស.យ.ក បន្ដផ្សព្វផ្សាយស្មារតី២ធ្នូ និងបន្ដចូលរួមថែរក្សាទាំងអស់គ្នា ដើម្បីសម្រេចបានផលប្រយោជន៍ និងស្នាដៃមួយដើម្បីសង្គមជាតិរបស់កម្ពុជា។ លោកបញ្ជាក់ថា ស្មារតី២ធ្នូនេះហើយ ដែលអាចឲ្យរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាពិសេសសម្តេចទាំងបី គឺសម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា អាចរំដោះកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ខ្មែរក្រហមបាន។

សូមរំលឹកថា សហភាពសហព័ន្ធយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយនៃយុវជនកម្ពុជា ដែលបានបន្តបេសកកម្ម ពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា ដែលបានបដិសន្ធិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលដៅសំខាន់បំផុត ដើម្បីប្រមូលផ្តុំយុវជនគ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែក កសាងកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post