header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទោះបីមិនបាននិយាយចំឈ្មោះលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន បានអះអាងការបាតុកម្មកាលពីឆ្នាំ២០១៣ បើមេបាតុករឈានមួយជំហ៊ានដល់បន្ទាត់ក្រហមនោះ នឹងមានការវាយប្រហារតបពីកម្លាំងសមត្ថកិច្ច។

ការលើកឡើងរបស់សម្តេចតេជោនេះ គឺជាការរំឮកដល់ការធ្វើបាតុកម្មកររបស់ក្រុមប្រឆាំង ដែលដឹកនាំដោយ សម រង្ស៊ី និងលោក កឹម សុខា បាននាំគ្នាធ្វើបាតុកម្មករប្រឆាំងនិងលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ រហូតដល់ឲ្យសម្តេចចុះចេញពីដំណែងទាំងស្របច្បាប់ថែមទៀត។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការនី ចំនួន១៧,៩១២នាក់ មកពីរោង ចក្រ សហគ្រាស ចំនួន១២ នៅក្នុងខេត្តកណ្តាល សម្តេចតេជោ ក៏បានគូររំលឹកថា “សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ បើព្រៀបធៀបនឹងការបោះឆ្នោត២០១៣ គឺបើគិតនៅពេលនេះកំពុងទ្រុលចុះទ្រុលឡើង(បាតុកម្ម) ចង់ផ្តួលរំលំរាជរដ្ឋាភិបាល រហូតដល់ប្រើពាក្យថា «ហ៊ុន សែន អើយចុះ ចេញទៅ»។ អាបោះឆ្នោតចាញ់គេសោះឲ្យគេចុះចេញ។ ហែងចង់ដឹងបើពេលនឹងបើហែងមិនគេចមិនឲ្យរហ័សទេ ហែងងាប់បាត់ហើយ! អាញប្រាប់ ធ្វើបុណ្យហែងទេ។ តែហែងពូករត់ក៏ពូកែ ពូកែស្រែកក៏ពូកែ រត់ក៏លឿនតែគ្រាន់គេមិនដេញទេ! ឲ្យហែងរត់សិន អាញក៏មិនចង់សម្លាប់ឯងដែរ”។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា “ប៉ុន្តែ បើពួកឯងឈានមួយជំហ៊ាន ដល់បន្ទាត់ក្រហមនោះ ពួកអ្នកឯងនឹងត្រូវបានហាយប្រហារឆ្លើយតបដែរ។ ព្រោះថា រដ្ឋាភិបាលមួយមិនអាចឲ្យអ្នកណាផ្តួលរំលំតាមរយៈធ្វើបាតុកម្មចឹញ្ចើមផ្លូវនោះទេ! ឥលូវនេះ ដល់អស់ពួកធ្មិលអស់សាសនានេះ កម្មករឡើងប្រាក់ខែ។ ដែលកាលពីមុនពួកនឹង(ប្រឆាំង)ថា ប្រាក់ខែកម្មករឡើងបានដោយសារគេទាមទារ តែឥលូវអត់មានពួកនឹងប្រាក់កម្មករនៅតែឡើង តើវាយ៉ាងម៉េចវិញ? នេះកាន់តែ បង្ហាញកាន់តែច្បាស់ហើយក្មួយៗ”។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីកន្លងមក កម្មករ-កម្មការិនី ព្រមទាំងប្រជាពលរដ្ឋបានធ្វើកិច្ចល្អសំខាន់ចំនួនពីរ គឺ ទី១. បានចូលរួមនៅក្នុងដំណើរ ការប្រជាធិបតេយ្យ តាមរយៈនៃការទៅចូលរួមបោះឆ្នោត រហូតដល់ជាង៨៣% នៃអ្នកដែ លមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ មានតែអ្នកគាំទ្រការបោះឆ្នោតប៉ុណ្ណោះ ទើបគេហៅថា អ្នកប្រជាធិបតេយ្យ។ ចំណែកអ្នកប្រឆាំងនឹងការបោះឆ្នោតតាមរយៈទ្រឹស្តី «ដេកផ្ទះឈ្នះឯង» ជាអ្នកប្រឆាំងនឹងដំណើរការប្រជាធិបតេយ្យ ដែលប្រជាជនបានបញ្ចេញសិទ្ធិរយៈពេល៥ឆ្នាំម្តង តាមច្បាប់រដ្ឋធម្មនុញ្ញ។ ទី២. ប្រជាជនបានបោះឆ្នោតរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍ។ ហេតុដែលមានន័យដូច្នេះ គឺការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា មានតម្លៃស្មើនឹងការរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍ។

សម្តេចតេជោ បានបន្ថែមថា ដោះស្រាយបញ្ហាអត់ការងារធ្វើ ក៏គណបក្សប្រជាជនកម្ពុជាតំឡើងប្រាក់ខែ ក៏ដោយសាររាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន ហើយបើនិយាយឲ្យចំឈ្មោះ គឺដោយសារ ហ៊ុន សែន តែម្តង។

សម្តេចថា “ពេលមុនគេថា ប្រាក់ខែឡើងដោយសារគេទាមទារ ចុះអាលូវនេះ វាបានងាប់បាត់ហើយ ហើយប្រាក់ខែនៅតែឡើង តើវាមកពីអ្វី? អាហ្នឹងវាមិនបញ្ជាក់ច្បាស់ថា វាមិនមកពីយើង។ ក្នុងរយៈពេល២ឆ្នាំនេះ រាជរដ្ឋាភិបាលបានលះបង់ប្រាក់១២០លានដុល្លារ ដើម្បីយកមកបំពេញឲ្យការតំឡើងប្រាក់ខែសម្រាប់កម្មករ”៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post