
ភ្នំពេញៈ បុរសម្នាក់ដេកស្លាប់យ៉ាងអាណោចអាធ័ម ក្រោយរថយន្តមិនស្គាល់ម៉ាក បើកបុកពេញទំហឹង ហើយរថយន្តបង្ក ក៏បន្ថែមល្បឿនរត់បាត់ស្រមោល។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើង នៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោមស្ពានពែ្រកសំរោង តាមបណ្តោយផ្លូវ៣៦៩ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ ឃី អាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅជាមួយប្រពន្ធ នៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានស្រុកកំណើតនៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានកូនប្រុសស្រីតូចៗ ២នាក់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យភ្នាក់ងារ ខេមប៉ុស្តិ៍ ឲ្យដឹងថា ដំបូងឡើយ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FI-8045 បើកតាមបណ្ដោយផ្លូវ៣៦៩ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក្រោមស្ពានព្រែកសំរោង ក៏ស្រាប់តែមានរថយន្តមួយគ្រឿង (មិនស្គាល់ម៉ាក) បានបើកមកបុកចំពីមុខពេញទំហឹង ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង បណ្ដាលឲ្យបុរសអ្នកបើកបរម៉ូតូបោកក្បាលនិងថ្នល់ធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តបង្កបន្ថែមល្បឿនគេចបាត់ស្រមោល ដោយបន្សល់ទុកសពបុរសរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមកណ្ដាលផ្លូវក្បែរម៉ូតូ ខូចខាតខ្ទេចមួយកំណត់នៅកន្លែងកើតហេតុ។ បន្តិចក្រោយមកក៏មានបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់នោះ បានប្រទះឃើញ ទើបរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចចុះមកភ្លាមៗផងដែរ។
តាមសម្តីមិត្តភត្តិ និងសាច់ញាតិ បានរៀបរាប់បានប្រាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ ឲហតដឹងថា ដំបូងឡើយជនរងគ្រោះ ចេញពីធ្វើការវេលាម៉ោង៦ល្ងាច ក៏បបួលពួកគាត់ទៅបង់សំណាញ់ ដើម្បីយកត្រីមកក្លែម ខណៈបង់បានត្រី ហើយក៏នាំគ្នាផឹកស៊ីរហូតដល់ម៉ោង៨យប់ ទើបបែកគ្នាទៅផ្ទះរៀងខ្លួន ហើយជនរងគ្រោះ ក៏បានទៅផ្ទះ ហើយក៏បានហៅប្រពន្ធ ឲ្យបើកទ្វារ ពេលនោះប្រពន្ធមិនបានបើកទ្វាឲ្យ ទើបកើតចិត្តខឹងប្រពន្ធ ក៏បើកម៉ូតូចេញមក បំណងទៅផ្ទះសាច់ញាតិ តាមបណ្ដោយផ្លូវ៣៦៩ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ភ្លាមនោះពួកគាត់ក៏បានជិះម៉ូតូចេញមកតាមដែរ តែតាមមិនទាន់ក៏ត្រឡប់ទៅផ្ទះវិញ រួចដើរទៅតេទូរស័ព្ទ ដើម្បីសួរថា ទៅដល់ណាហើយ ស្រាប់តែលឺសំឡេងអ្នកផ្សេងជាអ្នកលើកទូរស័ព្ទ ហើយនិយាយប្រាប់ថា ម្ចាស់ទូរស័ព្ទ បានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតហើយ។
ដំបូងឡើយពួកគាត់ជាមិត្តភត្តិ និងសាច់ញាតិមិនទាន់ជឿឡើយ ហើយក៏ជិះម៉ូតូមកមើល ពិតជាបុរសរងគ្រោះនោះពិតមែន ទើបពួកគាត់ជិះត្រឡប់ទៅប្រាប់ប្រពន្ធបុរស ដែលស្លាប់នោះវិញ... លុះពេលប្រពន្ធជនរងគ្រោះ(សព) មកដល់ភ្លាម ក៏ស្រែកទ្រហោយំស្រែកហៅឈ្មោះប្ដី ប្ដីអើយប្ដី ម៉េចបងទៅចោលអូនចឹង បងមកវិញមក ប្ដីសំលាញ់ បងប្អូនអើយជួយប្ដីខ្ញុំផង" រហូតដល់សន្លប់ស្តូកស្តឹង ២ទៅ៣ដង គួរឲ្យអាណោចអធម៌ណាស់។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមកវាស់វែង និងធ្វើសំណុំឯកសារប្រគល់សពជូនទៅប្រពន្ធ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌយកទៅរក្សាទុក ដើម្បីឲ្យសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ យកម៉ូតូទៅវិញ៕









