header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បានបោកក្បាលស្លាប់ ជាមួយឆ្កែរបស់គាត់ ខណៈកំពុងជិះម៉ូតូ Scoopy ដឹកឆ្កែ ចេញពីតាខ្មៅ​ទៅសង្កាត់កំបូល ដើម្បីធ្វើការ​ តែជាអកុសល​មកដល់ពាក់កណ្តាលផ្លូវ ត្រូវនារី២នាក់ ជិះម៉ូតូ Zoomer-X ឌុបគ្នា វ៉ាជែង​រថយន្ត​ក្នុងល្បឿនលឿន​ ក៏ជ្រុលទៅបុកពេញទំហឹងដួលទាំងសងខាង ចំណែកនារីទាំង២នាក់នោះ ក៏រងរបួសធ្ងន់ដែរ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះ​ភ្លាមៗ បង្កការភ្ញាក់ផ្អើលឡើងទាំងព្រលឹម។

​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតមានឡើងនៅវេលាម៉ោង៥ទៀប​ភ្លឺ​ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ នៅតាមបណ្តោយផ្លូវ៣៧១ ម្ដុំស្ថានីយបូមទឹក​ស្អុយបឹងទំពុន​ ​ជិតក្លឹបឌីក្លូ ឌឹ​ មីង ​ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

បុរសរងគ្រោះ (ស្លាប់) ​ឈ្មោះ​ ឆា​ អ៊ីហួយ​ អាយុ​៥១ឆ្នាំ​ ជនជាតិ​ចិន​(ម៉ាឡេ​) ធ្វើការរោងចក្រនៅសង្កាត់កំបូល​ ខណ្ឌពោធិ៍​សែន​ជ័យ​ ស្នាក់នៅ​ជាមួយប្រពន្ធជនជាតិខ្មែរ នៅភូមិក្រពើហា សង្កាត់​ព្រែក​ឫស្សី​ ក្រុង​តាខ្មៅ​ ជិះម៉ូតូ​មួយគ្រឿង​ម៉ាក​ Scoopy​ ពណ៌​ឈាម​ជ្រូក​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1CG-3912 ខ្ទេច​មួយ​កំណាត់​មុខ​ នឹង​សត្វឆ្កែ​មួយ​ក្បាល​ក៏ស្លាប់ទៅតាមម្ចាស់ដែរ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ម៉ាក​ Zoomer-X ពណ៌​ក្រហម​លាយ​ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 1HD-2430 បើកបរ​ដោយ​នារី​រូប​ស្រស់​ស្អាត២នាក់​ (មិន​ស្គាល់​អត្តសញ្ញាណ​) រងរបួស​ធ្ងន់​ ត្រូវ​បាន​បញ្ជូ​ន​ទៅ​សង្គ្រោះ ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ចំណែក​ម៉ូតូ​ខូចខាត​មួយ​កំណាត់​មុខ​ដូច​គ្នា​។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ភ្នាក់ងារ​ ខេមប៉ុស្តិ៍​ថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិន​រងគ្រោះខាងលើ ជិះម៉ូតូតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនធម្មតា ដោយមានដឹកឆ្កែ១ក្បាលនៅលើម៉ូតូផងដែរ លុះដល់ចំណុចកើតហេតុ ស្រាប់តែមាននារីរូបស្រស់២នាក់ ជិះមួយគ្រឿង ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន​ បានវ៉ាជែងរថយន្តមួយគ្រឿងទៀត(មិនចាំម៉ាក) ក៏ជ្រុល​ទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងតែម្ដង ខ្ទាតចេញពីគ្នាជាង៤០ម៉ែត្រ​ បណ្ដាលឲ្យដួលទាំងសងខាង ដោយបុរសបរទេសខាងលើ បានបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ខណៈឆ្កែនៅលើម៉ូតូនោះ ក៏ខ្ទាតមកកណ្ដាលផ្លូវងាប់ជាមួយម្ចាស់ផងដែរ​ ចំណែកឯនារីរូបស្រស់ទាំង២នាក់នោះ បានរងរបួសធ្ងន់​ នៅហ្នឹងកន្លែងកើតហេតុដែរ ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកដំណើរ រួចរាយការណ៍ប្រាប់អោយសមត្ថកិច្ចមូលដ្ឋាន​ចុះមកកន្លែងកើតហេតុ និងហៅរថយន្ត​សង្គ្រោះបន្ទាន់មកដឹក​ជនរងគ្រោះ​យកទៅមន្ទីរពេទ្យផងដែរ។

ក្រោយ​កើត​ហេតុ​ សព​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើកំណត់ហេតុ​ប្រគល់ទៅអោយសាច់ញាតិដឹកយកទៅតម្កល់នៅផ្ទះក្រុងតាខ្មៅ​ ដើម្បីរង់ចាំទាក់ទងទៅខាងសាច់ញាតិសពនៅប្រទេសម៉ាឡេស៊ីថា ត្រូវចាត់ចែងធ្វើបុណ្យសពបែបណាទៀត។ ចំណែកម៉ូតូទាំង២គ្រឿង ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ ចុះមកធ្វើ​ការ​វាស់​វែង​ នឹង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន ​នៅការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​​ រង់ចាំដោះស្រាយគ្នាពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post