header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ពិតជាមានចំណាត់ការលឿនមែន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ដើម្បីឆ្លើយតបនឹងលិខិតសុំអន្ដរាគមន៍ពីសំណាក់ អ្នករកស៊ីកែច្នៃឈើកៅស៊ូ ក្នុងខេត្តត្បូងឃ្មុំ បានលើកឡើងពីផលលំបាក និងការខាតបង់ជាច្រើនដោយសារតែក្រុមឈ្មួញវៀតណាម បានដើរប្រមូលទិញដើមកៅស៊ូមូល ដើមស្វាយចន្ទី និងដើមអាកាសស្យា ក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ ដោយមួយថ្ងៃៗចេញរាប់សិបរថយន្ដធុនធំ ដោយមិនបានបង់ពន្ធត្រឹមត្រូវនោះ លោកក៏បាន កោះប្រជុំបន្ទាន់មួយ ជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការទប់ស្កាត់ ការនាំចេញដើមឈើខាងលើ ទៅកាន់ប្រទេសវៀតណាម នៅក្នុងខេត្តត្បូងឃ្មុំ ជាពិសេសនៅតាមច្រកដា និងច្រករបៀងមួយចំនួនទៀត។

ប្រជាពលរដ្ឋហាក់ដូចជានៅមានចម្ងល់ថា ហេតុអ្វីបានជាលោករដ្ឋមន្រ្តីមានចំណាត់ការលឿនយ៉ាងនេះ ចំពោះអ្នកនាំដើម កៅស៊ូមូល ដើមស្វាយចន្ទី និងដើមអាកាសស្យា ចុះចំណែកមេឈ្មួញឈើធំៗ ជាច្រើនដែលបាននាំឈើ យ៉ាងគគ្រឹកគគ្រេង ពីខេត្តផ្សេងៗ ចេញដោយមិនឃើញមានមន្រ្តីណាចេញមុខមានចំណាត់ការនោះទេ។

តាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍ភូមិប៉ាដល បានឲ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើពីក្រុមឈ្មួញមានអំណាចបានធ្វើឡើង នៅចំណុចភូមិមាលូ ភូមិភិ ឃុំញ៉ាង ស្រុកអណ្តូងមាស និងភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សេចក្តីរាយការណ៍បន្តថាមេឈ្មួញឈើល្បីឈ្មោះ ណុប វណ្ណះ និងឈ្មោះ ហូ ជីវ៉ៃ ជាមន្រ្តីអាវុធហត្ថ ដែលទំនងមានការបើកដៃពីសំណាក់លោក ថង សាវុន អភិបាលខេត្តនិងលោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត បានចំណាយលុយជាង៣០០០ ដុល្លារ ក្នុងមួយរថយន្ត ប្រកុង ទៅឲ្យស្ថានប័នជំនាញពាក់ព័ន្ធចំនួន១៩ ដែលអង្គុយចាំរាប់ក្បាលឡានយកលុយ ជាថ្នូរការមិនបង្ក្រាបមុខជំនួញឈើខុសច្បាប់ដឹកទៅលក់នៅព្រំដែនវៀតណាមនេះ។

ប្រភពខាងលើបានបន្តទៀតថា មេឈ្មួញឈើដ៏មានអំណាចទាំងពីរនាក់ខាងលើ បានឲ្យមេ ការរបស់ខ្លួនម្នាក់ឈ្មោះ ស៊ី នឿន មើលការ ខុសត្រូវលើកម្មករកាប់ឈើដែលជាជនជាតិវៀតណាម ប្រដាប់ដោយម៉ាស៊ីនត្រង់ស៊ីន័រ រាប់រយគ្រឿងនិងគ្រឿងចក្រជិត១០០គ្រឿង ធ្វើការកាប់បំផ្លាញព្រៃសហគមន៍ទាំងបីភូមិខាងលើយ៉ាងវិនាសកម្ម។ ឈើមូលប្រភេទ ស្រឡៅ ផ្ចឹក សុក្រំ គគី ត្រូវគេកាប់និងដឹកចេញទៅលក់នៅព្រំដែនវៀតណាមតាមផ្លូវភូមិភិ ចំណុចបង្គោល ព្រំដែនលេខ២៥ តាមប៉ុស្តិ៍ហ្វាតាំ ក្នុងមួយថ្ងៃៗមិនតិចជាង៥០រថយន្តប្រកុងឡើយ។

ប្រភពបន្តថា ឈ្មួញឈើឈ្មោះ ហូ ជីវ៉ៃ ដែលមន្ត្រីរាជការនិងពលរដ្ឋនៅទីនោះដឹងគ្រប់ៗគ្នាថាជាស្តេចក្រាញ់ឈ្មួញឈើដ៏មានអំណាច ឥទ្ធិពល និងលុយកាក់ នោះកំពុងតែធ្វើសកម្មភាព កាប់ និងដឹងជញ្ជូនឈើចេញទៅវៀតណាម រាប់រយរថយន្ត ស្ទើរតែរាល់ថ្ងៃនោះ វាហាក់បីដូចជាស្តេចក្រាញ់ឈ្មួញឈើរូបនេះទទួលបានជោគជ័យលើមុខជំនួញនេះខ្លាំងណាស់ ដោយមិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះ ហ៊ានបង្ក្រាប នោះឡើយ រហូតមានមន្ត្រីធំៗបានលើកឡើងថា" តើនេះជាជោគជ័យរបស់ស្តេចក្រាញ់ឈ្មួញឈើ ហូ ជីវ៉ៃ ឫជាការបរ៉ាជ័យនៃការអនុវត្តបទបញ្ជានាយករដ្ឋៗន្ត្រីពេញមួយអណត្តិទី៥និងបន្តអណត្តិទី៦នេះទៀត ឫយ៉ាណា?។

បើតាមសេចក្តីរាយកេណ៍ពីប្រជាពលរដ្ឋនៅស្រុកអណ្តូងមាស ខេត្តរតនគិរី បានឱ្យដឹងថា មេឈ្មួញរកស៊ីឈើខុសច្បាប់ ដែលគេនិយាយតៗគ្នាថា ជាសេនាដៃស្តាំរបស់សមត្ថកិច្ចប្រដាប់អាវុធខេត្តរតនៈគីរី បានសម្រុកលួចកាប់ ដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងកក្រើក នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ រហូតដល់បង្គោល១៤និង១៥ ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ដោយទំលាក់ អូសបាកុងចូលទន្លេសេសានបណ្តែតក្បូន ឆ្លងដែនទៅវៀតណាមដូចហែរកឋិន គ្មានមន្ត្រី និងសមត្ថកិច្ចណាហ៊ានក្អកជាមួយមេឈ្មួញរូបនេះឡើយ។

បើនិយាយពីឈ្មួញរកស៊ីបទល្មើសព្រៃឈើ ពីមុនគេតែងតែល្បីល្បាញឧកញ៉ា ខ្មូត នោះគឺឧកញ៉ា ទ្រី ភាព ដោយសារឧកញ៉ា ទ្រី ភាព គឺជាបុរសខ្លាំងដែលគ្មាននរណាបង្រ្កាបបាន បើទោះមានភស្តុតាង បន្ទាប់ពីរកស៊ីឈើយូរទៅ ឧកញ៉ា ប្រចាំភូមិភាគឥសានមួយនេះក៏បានប្រែក្លាយខ្លួនទៅជាមហាសេដ្ឋីនិងស្តេចក្រាញ់។ មួយរយៈក្រោយមកឧកញ៉ាទ្រីភាពក៍បានដកខ្លួនចេញពីសមរភូមិក្តៅបន្ទាប់ពីមានការរិះគន់ឬអាចនិយាយបានថា ព្រៃឈើត្រូវបានទន្រ្ទាន ឬកាប់បំផ្លាញស្ទើរអស់។ ប៉ុន្តែទោះជាបែបណាក៏ដោយចោះ បទល្មើសព្រៃឈើនេះក៏មិនទាន់សាបរលាភទៅណាដែរ រហូតបច្ចុប្បន្នមានអ្នកថ្មីបន្តវេននោះគឺ លោក ហូវ ជីវ៉ៃ។

ប្រជាពលរដ្ឋតូចតាចបានលើកជាសំនួរថា តើលោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ នឹងមានវិធានការដែរឬទេ? ទៅលើមេឈ្មួញដែលស្គាល់ទាំងឈ្មោះ នោះយ៉ាងណា ខណៈត្រឹមក្រុមឈ្មួញ ដើរប្រមូលទិញដើមកៅស៊ូមូល ដើមស្វាយចន្ទី និងដើមអាកាសស្យា ក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ លោកមានចំណាត់ការ យ៉ាងល្អទៅហើយ។

សូមបញ្ជាក់ផងដែរថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញ លិខិតព្រមានដកតំណែងចៅហ្វាយខេត្តបីរូប នៅភូមិភាគឦសាន្តនៃប្រទសកម្ពុជា ពាក់ព័ន្ធនឹងការមិនបង្ក្រាបបទ ល្មើសព្រៃឈើតាមបទបញ្ជាសម្តេចតេជោនាយករដ្ឋមន្ត្រី បែបណាក៏ដោយ ក៏នៅតែមានសេចក្តីរាយការណ៍ជាហូរហែរ ស្តីពីសកម្មភាព ក្រុមឈ្មួញដែលមានមេក្លោងឈ្មួញឈើល្បីឈ្មោះ ហូរ ជឺវ៉ៃ បានជួលកម្មករ សម្រុកលួចកាប់ឈើ យ៉ាងកក្រើកដឹកនិងអូសតាមឡានបាកុង ទំលាក់ចូល ទន្លេសេសាន ជារៀងរាល់ថ្ងៃតែម្តង ហើយដឹកបន្តទៅលក់នៅប្រទេសវៀតណាម ដែលមានសមត្ថកិច្ចដែលទទួលផលពីមេឈ្មួញឈើនេះ ចាំបើកផ្លូវឱ្យគ្រប់ពេល ដោយគ្មានការបង្ក្រាប់អ្វីឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post