header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានស្នើសុំចូលជួបលោក George Edgar ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU) ដើម្បីស្វែងយល់ និងសិក្សាបន្ថែមទៅលើដំណើរការវិវត្តន៍ នៃគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធ Everything But Arms (E B A) ពីប្រទេសកម្ពុជា។

កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ លោកស្រី Cecilia Malmstrnm តំណាងជាន់ខ្ពស់ទទួលបន្ទុក ផ្នែកពាណិជ្ជកម្មនៃសហភាពអឺរ៉ុប បានលើកឡើងថា សហភាពអឺរ៉ុប បានជូនដំណឹងទៅដល់ភាគីកម្ពុជាថា ខ្លួនកំពុងធ្វើសំណើរការ ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ទៅលើទំនិញគ្រប់មុខដែល នាំចូលទីផ្សារអឺរ៉ុប លើកលែងតែសព្វាវុធ ហៅកាត់ថា (EBA)។

សហភាពអឺរ៉ុប ទុកពេលឲ្យកម្ពុជា១២ខែទៀត សម្រាប់កែប្រែការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យងាកមកគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យវិញ ដើម្បីជៀសផុតពីការគាបសង្កត់ ពីសហគមន៍ប្រទេស ប្រកាន់របបប្រជាធិបតេយ្យ ពិសេសការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបជាដើម។

យោងតាមសេចក្ដីជូនដំណឹង របស់គណបក្សយុវជនកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា “ខ្ញុំ ពេជ្រ ស្រស់ ស្នើសុំអនុញ្ញាតចូលជួប លោក George Edgar ដើម្បីស្វែងយល់ និងសិក្សាបន្ថែមលើដំណើរការវិវត្តន៍ នៃគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធ Everything But Arms (E B A) ពីប្រទេសកម្ពុជា”។

ក្នុងពិធី ជួបសំណេះសំណាលជាមួយ ពលរដ្ឋខ្មែរប្រមាណជាង ១ពាន់នាក់មកពី ប្រទេសហុងគ្រី បារាំង អាល្លឺម៉ង់ កាលពីថ្ងៃទី១៩ តុលា នៅទីក្រុងប្រ៊ុចសែល សម្ដេចតេជោ ហ៊ុន សែន អះអាងថា កម្ពុជាមិនទាន់បាត់បង់អ្វីទាំងអស់ ចំពោះការអនុគ្រោះពន្ធទំនិញ ពីសហភាពអឺរ៉ុប ។ក៏ប៉ុន្តែផ្ទុយទៅវិញបញ្ហានេះ ត្រូវបានក្រុមប្រឆាំងយកទៅធ្វើជា សង្គ្រាមចិត្តសាស្ត្រវាយប្រហារ លើរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចបន្ដថា ការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ផ្ទុយពីការបិទទីផ្សារនាំចេញ ពោលគឺកម្ពុជានៅតែអាចបន្តនាំ ទំនិញទៅកាន់ទីផ្សារអឺរ៉ុប បានដដែលប៉ុន្តែទទួលបាន ប្រាក់ចំណេញតិចជាងមុន ដូចករណីដែលអាមេរិក ធ្លាប់ផ្ដល់ភាពអនុគ្រោះពន្ធដល់កម្ពុជា ហើយដកត្រឡប់ទៅវិញដែរ។

ចំណែក អតីតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ (CNRP) លោក អេង ឆៃអ៊ាង បានចំអកចំអន់ថា សម្ដេចតេជោ ហ៊ុន សែន កំពុងរងសម្ពាធពីសហភាពអឺរ៉ុប ដែលចៀសមិនផុត ពីត្រូវតែចរចាជាមួយប្រទេសទាំងនេះ ដើម្បីរកដំណោះស្រាយ បញ្ចៀសទណ្ឌកម្មសេដ្ឋកិច្ច។

ជុំវិញបញ្ហា ការដកប្រព័ន្ធអនុគ្រោះពន្ធ លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយបានថ្លែងថា ការដកប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុប ក្រោមកម្មវិធី (គ្រប់មុខទំនិញលើកលែងតែអាវុធ ហៅកាត់ថា EBA) មិនមែនជាការដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុប មកលើកម្ពុជានោះទេ។

លោកបន្ថែមថា បញ្ហាសំខាន់គឺសហភាពអឺរ៉ុប មិនចង់ឲ្យការធ្វើជំនួញពាណិជ្ជកម្ម របស់ខ្លួនជាមួយកម្ពុជា មានការប្រឡាក់ប្រឡូក ឬពាក់ព័ន្ធទៅនឹងបញ្ហានៃ ការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការរម្លាយប្រជាធិបតេយ្យនៅកម្ពុជា ។

ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា លើកឡើងថា ការដកប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ទំនិញគ្រប់មុខ របស់សហភាពអឺរ៉ុប (EU) នឹងជះឥទ្ធិពលមកដល់ប្រទេសកម្ពុជា ដោយសារភាគច្រើន អ្នកវិនិយោគនៅកម្ពុជា វិនិយោគលើវិស័យកាត់ដេរ។ លោកថា ដូច្នេះបញ្ហាទាំងនេះ មានតែអ្នកនយោបាយមួយទេ ទើបដោះស្រាយបញ្ហាបាន។

សូមបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី (ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ) ត្រូវបានសហភាពអឺរ៉ុប បង្កើតឡើងកាលពីឆ្នាំ២០០១ ដើម្បីផ្ដល់ការលើកទឹកចិត្ត ដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅលើពិភពលោក ចំពោះការមិនគិតពន្ធ ឬទទួលបានប្រព័ន្ធកូតាសេរី ក្នុងការនាំទំនិញទាំងអស់ ចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប លើកលែងតែអាវុធ និងគ្រាប់រំសេវ។

កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីឆ្នាំ២០១២ ហើយក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាបានរួចផុតពីកាតព្វកិច្ចពន្ធជិត ៧រយលានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប។ តួលេខពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជាបង្ហាញថា ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ ទំនិញកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុប មានទឹកប្រាក់ដល់ទៅជាង ៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ដែលភាគច្រើននៃទំនិញទាំងនោះ គឺជាផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ព្រមទាំងផលិតផលកសិកម្មជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post