header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា សេវាសាធារណៈ ត្រូវបានកែទម្រង់ស៊ីជម្រៅ ដោយប្រើប្រាស់ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម ដើម្បីបង្ខិតសេវា ទៅជិតប្រជាពលរដ្ឋ ក្នុងនោះ មានការបង្កើតមណ្ឌលប្ដូរ និងពន្យារ ប័ណ្ណបើកបរ នៅតាមផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ និងឈៀកចល័ត។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុលបានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក ផ្លូលថ្នល់ ផ្លូវទឹក និងស្ពាន ត្រូវបានសាងសង់ តភ្ជាប់ទៅកាន់ គ្រប់ច្រកល្ហកទូទាំងប្រទេស។

លោកបន្ដថា ការពង្រីកនិងលើកកម្ពស់គុណភាព ពីប្រភេទផ្លូវDBSTទៅជា ប្រភេទផ្លូវAC ការសាងសង់និងពង្រីកកំពង់ផែ ដើម្បីបំពេញតម្រូវការកើនឡើង នៃការនាំចេញនិងនាំចូល និងការបញ្ចប់ផែនការ មេភស្តុភារកម្ម ដើម្បីត្រៀមខ្លួនឆ្លើយតប ទៅនឹងការប្រកួតប្រជែង ជាមួយប្រទេសក្នុង តំបន់ បដិវត្តន៍ឧស្សាហកម្មទី៤ ក៏ដូចជាត្រៀមខ្លួន តភ្ជាប់ជាមួយខ្សែក្រវាត់មួយផ្លូវមួយ របស់មហាអំណាច ចិនផងដែរ។

លោកបន្ថែមថា “សេវាសាធារណៈ ត្រូវបានកែទម្រង់ស៊ីជម្រៅ ដោយប្រើប្រាស់ប្រព័ន្ធ ស្វ័យប្រវត្តិកម្មដើម្បីបង្ខិតសេវា ទៅជិតប្រជាពលរដ្ឋ ក្នុងនោះរួមមាន ការបង្កើតមណ្ឌលប្ដូរ និងពន្យារ ប័ណ្ណបើកបរនៅតាមផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ និងឈៀកចល័តជាដើម”។

ជាមួយគ្នានេះផងដែរ ទេសរដ្ឋមន្ត្រីបានជម្រាបជូនលោកស្រី និងគណៈប្រតិភូអំពីផែនការ និងទិសដៅការងារ សម្រាប់អាណត្តិទី៦ ដែលមានដូចជា ការសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុងព្រះសីហនុ និងពីភ្នំពេញទៅបាវិត ការធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការកែលម្អសេវា សាធារណៈឱ្យកាន់តែប្រសើរឡើង ការបង្កើតយន្តការ និងយុទ្ធសាស្ត្រ លុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងលុបបំបាត់ការផ្ទុកទំនិញ លើសទម្ងន់កម្រិតកំណត់ ជាពិសេសផែនការ១០០ថ្ងៃ របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅដើមអាណត្តិទី៦នេះ។

ជាលទ្ធផល លោកស្រី បានសម្តែងនូវការកោតសរសើរ យ៉ាងជ្រាលជ្រៅចំពោះ ទេសរដ្ឋមន្ត្រី ដែលមានភាពឆ្លាតវៃ គំនិតផ្ដួចផ្ដើមច្នៃប្រឌិត និងដែលបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាព និងប្រើអស់សក្ដានុពល ដែលខ្លួនមានដើម្បី អភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post