រតនគិរីៈ ជម្លោះក្នុងវង់ផឹកស៊ី បានធ្វើឲ្យបុរសម្នាក់ ដាច់ចិត្តទាញកាំបិតកាប់ទៅលើគូទំនាស់ចំកណ្ដាលក្បាល បណ្ដាលឲ្យប៊ិះអស់ជីវិត ហើយខ្លួនឯងសុខចិត្តដេកគុក។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧៖២០នាទី យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិខ្មែងសាទុក ឃុំប៉ូយ ស្រុកអូរជុម ខេត្តរតនគិរី។
សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្ក និងជនរងគ្រោះ បានអង្គុយផឹកស៊ីជាមួយគ្នា ព្រមទាំងមិត្តភ័ក្តមួយចំនួនទៀត។ លុះពេលផឹកស៊ីស្រវឹង ពួកគេក៏បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ទើបធ្វើឲ្យភាគីជនបង្កទាញកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះមួយកាំបិតចំពីលើក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។
ជនរងគ្រោះមានឈ្មោះ សេក សារុន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងសំណង់។ ចំណែកជនបង្កឈ្មោះ មួន រិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ។ អ្នកទាំងពីរ មានទីលំនៅកន្លែងកើតហេតុខាងលើជាមួយគ្នា។
បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ខណៈជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីបំពេញបែបបទតាមនីតិវិធី៕