
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងប្រាប់ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យបានជ្រាបថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ នឹងត្រូវអស់សុពលភាពប្រើប្រាស់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ យោងសេចក្តីជូនដំណឹងចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបញ្ជាក់ថាដើម្បីធានានូវសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់ផ្ទាល់ខ្លួន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលកំពុងប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ និងប្រជាពលរដ្ឋដែលគ្រប់អាយុ១៥ឆ្នាំឡើង ដែលពុំទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី រួសរាន់ទៅបំពេញបែបបទស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅតាមបណ្តាទីតាំងទាំងនេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលខ្លួនរស់នៅ ឬស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអ៊ីអនម៉ល២សែនសុខ។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា៖ ប្រជាពលរដ្ឋត្រូវភ្ជាប់មកជាមួយនូវសំបុត្រកំណើតឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូចាស់។