header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ ខេត្តព្រះសីហនុ គឺជាខេត្តទេសចរណ៍មួយរបស់កម្ពុជា ដែលត្រូវបានគេមើលឃើញថា កំពុងមានការរីកចម្រើនខ្លាំង ក្រោមការវិនិយោគដ៏សម្បើមរបស់ចិន។ ទន្ទឹមនឹងការវិនិយោគ និងលំហូរចូលយ៉ាងច្រើន នៃជនជាតិចិន នៅក្នុងខេត្តមួយនេះ បញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏កើតមានច្រើនជាងពេលណាៗទាំងអស់។

ដោយមានបំណងចូលរួមដោះស្រាយបញ្ហាទាំងអស់នេះ ក្រោយការប្រកាស និងទទួលតំណែងជាផ្លូវការ ព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក សៀង សុខ បានប្ដេជ្ញាចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងគោលដៅឆ្ពោះទៅពង្រឹងសន្តិសុខសង្គម និងសុវត្ថិភាពសាធារណៈឲ្យបានល្អប្រសើរ។

ថ្លែងក្នុងពិធីប្រកាស តែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាខេត្ត លោក សៀង សុខ បានប្ដេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់ នូវស្មារតីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ បទបញ្ញត្តិ លិខិតបទដ្ឋាននានា ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងគោលដៅពង្រឹងនីតិរដ្ឋ ព្រមទាំងចូលរួមអនុវត្តនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ជាមួយគ្នា ដើម្បីធានាពង្រឹងវិស័យយុត្តិធម៌ឲ្យបានល្អប្រសើរ និងមានទំនុកចិត្តលើប្រជាពលរដ្ឋ លោកក៏ប្ដេជ្ញាលើកកម្ពស់ស្មារតី ក្នុងការអនុវត្តការងារតាមក្រមសីលធម៌ វិជ្ជាជីវៈចៅក្រម ដោយជៀសវាងនូវអគតិទាំង៤ គឺឆន្ទាគតិ ភយាគតិ ទោសោគតិ និងមហោគតិ ហើយនឹងបន្តថែរក្សានូវសមិទ្ធផល ដែលអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សម្រេចបានកន្លងមក និងខិតខំអនុវត្តឲ្យបានកាន់តែប្រសើរថែមទៀត។

បន្ថែមលើសពីនេះទៀត លោក សៀង សុខ ប្ដេជ្ញាពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ព្រមជាមួយនោះ នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត ក្នុងគោលដៅពង្រឹងសន្តិសុខសង្គម និងសុវត្ថិភាពសាធារណៈ។

បើទោះបីជាពុំទាន់ស្គាល់ច្បាស់លាស់ពីភូមិសាស្ត្រ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់ខេត្តក្ដី លោកព្រះរាជអាជ្ញាថ្មីរូបនេះ បានស្នើ និងមានជំនឿថា ទាំងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរ និងប្រជាពលរដ្ឋ នឹងផ្ដល់នូវកិច្ចសហការដ៏ល្អជាមួយលោក ដើម្បីសម្រេចបាននូវរាល់ភារកិច្ច។ ព្រមជាមួយគ្នា លោកក៏បានត្រៀមលក្ខណៈជានិច្ច ដើម្បីទទួលយកនូវបទពិសោធន៍ល្អៗ ទទួលយកសំណូមពរ និងការជួយកែលម្អពីគ្រប់មជ្ឈដ្ឋាន ដោយសេចក្ដីរីករាយ និងពេញចិត្តជានិច្ច។

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែងអគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល មហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត សរុបចំនួន២៤រូប។

ក្នុងនោះ លោក​ សៀង​ សុខ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់​ផ្ទេរ និងតែងតាំងពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទៅជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ចំណែកលោកស្រី​ ចាត​ សូរស្មី ត្រូវបានព្រះមហាក្សត្រ ត្រាសបង្គាប់ផ្ទេរតំណែង ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ទៅជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺវិញ។

សូមជម្រាបផងដែរថា លោក សៀង សុខ បានចូលបម្រើការក្នុងស្ថាប័នតុលាការ ក្នុងឆ្នាំ២០០៨ ជាព្រះរាជអាជ្ញារង នៅអយ្យការអមសាលាដំបូងខេត្តកំពត។ រហូតដល់ឆ្នាំ២០១១ លោកត្រូវបានផ្ទេរមកជាព្រះរាជអាជ្ញារង នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញវិញ។

ក្រៅពីវិស័យតុលាការ លោក សៀង សុខ ក៏ធ្លាប់ជាមន្ត្រីនគរបាលជាតិ នៅក្រសួងមហាផ្ទៃ, ជាគ្រូឧទ្ទេសនាមដល់មន្ត្រីនគរបាលយុត្តិធម៌ ដោយការបង្ហាត់បង្រៀននីតិវិធី និងច្បាប់ព្រហ្មទណ្ឌដល់មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងមានស្នាដៃក្នុងការចុះដឹកនាំ និងសម្របសម្រួលបង្ក្រាបទាំងឧក្រិដ្ឋ និងមជ្ឈឹមឧក្រិដ្ឋជាច្រើន ជាមួយនគរបាលយុត្តិធម៌ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post