ភ្នំពេញៈ នារីមានសតិមិនល្អម្នាក់ បានសម្រេចចិត្តលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារខាងកើត តែត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេលវេលា បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកនេសាទត្រីជាជនជាតិឥស្លាម បានប្រាប់ភ្នាក់ងារអង្គភាពសារព័ត៌មាន CAM POST ឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងតែធ្វើការនេសាទត្រីតាមដងទន្លេមេគង្គ ក៏ប្រទះឃើញនារីម្នាក់ លោតពីលើស្ពាន ហើយក៏បានងើបក្បាលចុះងើបឡើង ពេលនោះគាត់បានចេញទូកទៅជួយសង្គ្រោះ ហើយស្រង់នារីនោះយកមកឡើងលើគោក ធ្វើការសួរនាំ។
បន្ទាប់ពីសួរនាំរួច ទើបថា នារីដែលលោតសម្លាប់ខ្លួននោះ ឈ្មោះ ស្រី មៅ អាយុ៣០ឆ្នាំ មានសតិមិនសូវល្អ និងមានកូនម្នាក់ តែមិនបានដឹងថា នាងស្នាក់នៅម្ដុំណានោះទេ។ ក្រោយមកប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចបានទាក់ទងទៅសាច់ញាតិបងប្អូនរបស់នារីនោះ ដើម្បីមកទទួលយកទៅផ្ទះវិញផងដែរ៕