header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់​ម្នាក់ បានបោកក្បាលស្លាប់​ ក្រោយពេលកំពុងបញ្ជូនតាមរថយន្ត​គិលានសង្គ្រោះគ្លីនិកឯកជន យកទៅមន្ទីរពេទ្យ​លោកសង្ឃ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿន​ និងមិនពាក់មួកសុវត្ថិភាព ក៏ជ្រុលទៅបុកពេញទំហឹង ចំពាក់កណ្ដាលរថយន្ត (មិនចាំម៉ាក​) នៅត្រង់ចំណុចផ្លូវបែកជាបួន ភ្លាមនោះរថយន្តក៏បានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល ទោះបីជាមាន​កម្លាំងល្បាតចេញប្រដេញតាមរថយន្តនោះក៏ដោយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២៖០៥នាទីទាបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ទី១០ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវបែកជាបួន​(ស្តុប២៤ម៉ោង) តាមផ្លូវឧកញ៉ាម៉ុងឬទ្ធី​ កែងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ច​បានឲ្យដឹងថាជនរងគ្រោះ (ស្លាប់) មានឈ្មោះ នៅ គិរី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិស្លែងដីដុះ ឃុំព្រៃតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

យោងតាមមន្រ្ដីនគរបាលដែលឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST ថា នៅមុនពេលកើត គាត់ឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាក​ Honda Dream ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-5876 (តែម្នាក់ឯង​ ដោយមិនបានពាក់មួកសុវត្ថិភាពនោះទេ) ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ជាផ្លូវបែកជាបួន ក៏ជ្រុលទៅបុកផ្ទប់រថយន្តមួយគ្រឿង (មិនចាំម៉ាក) បើកបរតាមបណ្តោយផ្លូវសម្តេចជាស៊ីម ទិសដៅពីលិចទៅកើត ឆ្លងមកផ្លូវឧកញ្ញា ម៉ុងរិទ្ធី ចំទ្វាររថយន្តខាងស្ដាំពេញទំហឹង បណ្ដាលឲ្យបោកក្បាលនិងថ្នល់រងរបួសធ្ងន់ធ្ងរខ្លាំង ចំណែករថយន្ត(មិនចាំម៉ាក​នោះ) បានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ខណៈដែលសមត្ថកិច្ចបោះដៃតាមវិទ្យុទាក់ទងឲ្យកម្លាំងល្បាតខណ្ឌសែនសុខ ចេញជួយប្រដេញតាមរកដែរ តែរថយន្តបានគេចបាត់ស្រមោលទៅហើយ។

បន្តិចក្រោយមកគេឃើញរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មហានគរ ចេញមកដល់កន្លែងកើតហេតុមុនគេ ហើយលើកជនរងគ្រោះឡើងលើរថយន្ត រួចដឹកយកទៅមន្ទីរពេទ្យ​ព្រះកុសុមៈ​(ពេទ្យលោកសង្ឃ) ដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសល្យដោយសារស្ថានភាពរបួសបែកក្បាលធ្ងន់ធ្ងរពេក ទើបជនរងគ្រោះ បានដាច់ខ្យល់ស្លាប់លើរថយន្តគិលានសង្គ្រោះមហានគរនោះតែម្ដង ខណៈពេលកំពុងដឹកបញ្ជូនទៅសង្គ្រោះឯមន្ទីរពេទ្យលោកសង្ឃ លុះចូលទៅដល់មន្ទីរពេទ្យ ទើបលឺអ្នកបើកបរ​រថយន្តគិលានសង្គ្រោះខាងលើ រាយការណ៍ប្រាប់សមត្ថកិច្ចតាមវិទ្យុទាក់ទងថា ជនរងគ្រោះ​បានស្លាប់ហើយ ទើបរថយន្តគិលានសង្គ្រោះខាងលើ ដឹកសពជនរងគ្រោះត្រលប់មកកន្លែងកើតហេតុវិញ។

សូមជម្រាបថា ទ្រព្យសម្បត្តិ​មានតម្លៃដែលនៅជាប់និងខ្លួនជនរងគ្រោះ មានដូចជា​ ទូរស័ព្ទចំនួន២គ្រឿង (ទូរស័ព្ទ​ IPhone-6Plus ១គ្រឿង និងទូរស័ព្ទ IPhone-6 ១គ្រឿងទៀត) រួមទាំងខ្សែដៃ ១ខ្សែ និងចឹញ្ជៀន១វង់ទៀតផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន​ បានរាយការណ៍​ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកោ​សល្យវិច័យ និងធ្វើកំណត់ហេតុ ទាក់ទងប្រគល់សពជូនទៅសាច់ញាត្តិ យកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី។ ចំណែ​​កម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ន រង់ចាំសាច់ញាត្តិ យកឯកសារមកផ្ទៀង​ផ្ទាត់​យក​ត្រឡប់ទៅផ្ទះវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post