header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា អតីតមេបក្សប្រឆាំង កំពុងតែវិលវល់ និងទ័លច្រក បន្ទាប់ពីទទួលបរាជ័យផ្ទួនៗ ក្នុងជីវិតនយោបាយ។

លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៣ វិច្ឆិកានេះ យ៉ាងដូច្នេះថា ដោយនៅមិនអស់ចិត្តពីបរាជ័យផ្ទួនៗរបស់ខ្លួនក្នុងការដឹកនាំខុសច្បាប់ តស៊ូដ៏អត់ន័យនៅក្រៅប្រទេស​ ទណ្ឌិត សម​ រង្ស៊ី​ តែងតែដេកស្រមើស្រមៃ​ ម្តងចង់ធ្វើនេះ​ ម្តងចង់ធ្វើនោះ​ មិនចេះចប់​ ហើយអ្នកដើរតាមដោយងងឹតងងល់ចេះតែដើរតាមគំនិតវិកវល់ ដោយគ្មានទិសដៅច្បាស់លាស់​។

លោកបន្តថា ឥឡូវនៅដំណាក់កាលចុងក្រោយនេះ​ សម​ រង្ស៊ី​ ដេកគិតឃើញថា គួរខិតខំស្តារសភាពការណ៍​បរាជ័យរបស់ខ្លួន​ កុំឲ្យអ្នកគាំទ្រខ្លួនបាក់ទឹកចិត្តខ្លាំងពេក​ ក៏បានបំផុសឲ្យអាម៉ីអាថោងខ្លួន ប្រកូកប្រកាសចង់ធ្វើរបស់ដែលហៅថា ជាមហាសន្និបាតអតីតបក្សប្រឆាំងពិភពលោក​ ក្នុងគោលបំណង ដែលពួកគេហៅថា រៀបចំយុទ្ធសាស្ត្រថ្មីប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា និងរាជដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា​។

លោក សុខ ឥសាន បានដាក់ជាសំណួរថា របស់ដែលហៅថា មហាសន្និបាតពិភពលោកនោះ​ មានមនុស្សប៉ុន្មាននាក់ចូលរួមទៅ​? តើយុទ្ធសាស្ត្រ ដែលនឹងដាក់ចេញនោះ​ អាចអនុវត្តបានឬទេ​ និងមានប្រសិទ្ធភាពអ្វីទៅ​ បើធ្វើនៅក្រៅប្រទេស ហើយអនុវត្តនៅក្រៅប្រទេសនោះ​?

លោកបញ្ជាក់ថា"ប្រាកដជាគ្មានបានការអ្វីទាំងអស់ ​ដោយសារប្រសិទ្ធភាព​ ត្រូវស្ថិតនៅក្នុងប្រទេស​។ ដូច្នេះហើយអាចហៅថា យុទ្ធសាស្ត្រស្អី ដែលនឹងធ្វើនៅដើមខែធ្នូនេះ គឺជាយុទ្ធសាស្ត្រខ្យល់​បោកបក់ តាមគំនិតរវើរវាយ​ វិលវល់ និងទ័លច្រករបស់ទណ្ឌិត សម​ រង្ស៊ី មេចាញ់តែប៉ុណ្ណោះ​។ ការចង់ធ្វើអី គឺជាសិទ្ធិសេរីភាព​ តែក៏គួរកុំឲ្យទណ្ឌិត សម​ រង្ស៊ី​ ដឹកច្រមុះតាមអំពើចិត្តពេក​"

ការលើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាច បន្ទាប់ពីលោក សម រង្ស៊ី បន្តអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធត្រៀមប្រឆាំងនឹងរាជរដ្ឋាភិបាល។ ជាងនេះ អតីតមេបក្សប្រឆាំង អះអាងថាលោក និងលោក កឹម សុខា ជាមនុស្សតែមួយ ទោះបីលោក កឹម សុខា មិនអាចចេញពីរបងផ្ទះ ហើយនិយាយជាសាធារណៈក៏ដោយ។

លោកបញ្ជាក់ថា "ខ្ញុំ (សម រង្ស៊ី) ស្គាល់ចិត្តលោក កឹម សុខា ច្បាស់ណាស់ ហើយខ្ញុំដឹងថា ដៃគូរបស់ខ្ញុំនេះ កំពុងតែតាមដានស្ថានការណ៍នយោបាយនៅស្រុកយើង យ៉ាងដិតដល់។ ក្នុងកាលៈទេសៈដ៏លំបាកសម្រាប់រូបលោក ហើយទោះបីជាលោកមិនមានសេរីភាព និយាយខ្លួនឯងយ៉ាងណាក៏ដោយ ក៏លោក កឹម សុខា អំពាវនាវប្រជាពលរដ្ឋទាំងអស់ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ សូមឲ្យបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ រក្សាស្មារតីឯកភាព និងប្តូរផ្តាច់ ឲ្យរឹងមាំជាទីបំផុត ពីព្រោះគណបក្សសង្គ្រោះជាតិ នឹងចាប់ផ្តើមដំណើរការឡើងវិញហើយ ក្នុងពេលឆាប់ៗខាងមុខនេះ"

លោកបន្តថា ក្រោមសម្ពាធអន្តរជាតិដ៏ខ្លាំងក្លា ដែលមិនធ្លាប់ឃើញពីមុនមក របប ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា ឲ្យទទួលបានសេរីភាពពេញលេញ និងជាស្ថាពរ ដោយទម្លាក់ចោលការចោទប្រកាន់ ដែលគ្មាននរណាជឿទាល់តែសោះ មកលើប្រធានគណបក្សសង្គ្រោះជាតិ។

កាលពីថ្ងៃ១៨ តុលា ឆ្នាំ ២០១៨ នេះ សហភាពអន្តរសភា (IPU) ដែលប្រមូលផ្តុំរដ្ឋសភា ពីជាង ១៧០ ប្រទេស ទូទាំងពិភពលោក បានចេញសេចក្តីសម្រេចមួយ ទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post