
ថ្ងៃទីនេះជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសប្រារព្ធពិធីអបអរសាទរខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិចិ្ឆកា ១៩៥៣-០៩ វិចិ្ឆកា ២០១៨។ ក្នុងឱកាសដ៏មានតម្លៃកាត់ថ្លៃមិនបាននេះ លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្ត្របក្សCNRP ដែលកំពុងនិរន្ទេសខ្លួននៅបរទេសបានបញ្ចេញទស្សនៈតាមរយៈប្រព័ន្ធសង្គមហ្វេសប៊ុក ថា៖ គ្មានអ្វីសំខាន់ និងមានតម្លៃជាងឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី របស់ប្រទេសជាតិនីមួយៗនោះទេ។

លោក យ៉ែម បុញ្ញឫទ្ធិ បន្តទៀតថា៖ ចាប់ផ្ដើមចេញពីនេះ រួចបន្តកិច្ចការសំខាន់ៗសម្រាប់ប្រជាពលរដ្ឋឱ្យទទួលបាននូវសេចក្ដីថ្លៃថ្នូរ សិទ្ធិ សេរីភាព និងសុខសុភមង្គល រួមមាន ការគោរពសិទ្ធិមនុស្ស ការអនុវត្តប្រជាធិបតេយ្យសេរីពិតប្រាកដ ការរៀបចំឱ្យមានយុត្តិធម៌សង្គម។
អតីតតំណារាស្ត្រមណ្ឌលខេត្តព្រៃវែងរូបនេះសង្កត់ធ្ងន់ថា៖ ការរួបរួមជាតិ ការរៀបចំគ្រឹះជាតិ ការរៀបចំសង្គមជាតិ ដោយចាប់ផ្ដើមពីការកសាងទំនុកទុកចិត្តគ្នារវាងខ្មែរ និងខ្មែរ ដែលត្រូវរួមរស់ជាមួយគ្នា ត្រូវគោរពផ្ដល់តម្លៃគ្នាទៅវិញទៅមក លុបបំបាត់វប្បធម៌លាបពណ៌ មួលបង្កាច់ ជេរប្រមាថ ដែលនាំឱ្យមានការបែកបាក់ដល់សង្គមជាតិយើង ហើយងាកមក ការពារ និងអភិវឌ្ឍន៍ជាតិ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។

នៅចុងបញ្ចប់នៃសំណេរនេះ លោក យ៉ែម បុញ្ញឫទ្ធិ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវចងចាំ និងគោរពដឹងគុណដល់ បុព្វបុរសខ្មែរ ប្រជាជាតិខ្មែរ(ជាតិ) ព្រះសង្ឃខ្មែរ(សាសនា) ព្រះមហាក្សត្រខ្មែរ(ព្រះមហាក្សត្រ) ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងការទាមទារឯករាជ្យ ការរៀបចំនគរ និងសូមថ្វាយមហាព្រះរាជកុសល ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានធ្វើព្រះរាជបូជនីយកិច្ច ក្នុងការទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។