កំពង់ស្ពឺៈ កម្លាំងនគរបាលជំនាញនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្ដិការស្រាវជ្រាវបំបែកសំណុំរឿង ដ៏ក្ដៅគគុក ពាក់ព័ន្ធករណីក្លែងព័ត៌មានថា មានចោរចូលលួច យកវត្ថុមានតម្លៃ និងគាស់ទ្វារកុដិ អស់ប្រាក់រាប់សិបលានរៀល នៅក្នុងវត្តទេពឧណ្ណារាមនោះហើយ ។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៤ និង២៧នាទី មានព្រះសង្ឃមួយអង្គព្រះនាម ម៉ន អឿន ជាព្រះចៅអធិការវត្តទេពឧណ្ណារាម ស្ថិតក្នុងភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមកប្តឹងនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ថា មានចោរចូលគាស់ទ្វារកុដិ លួចយកសម្ភារមានតម្លៃ និងប្រាក់រាប់សិបលានរៀល (ប្រាក់កឋិនទាន) ។
ប្រភពពីនគរបាលបានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹង នគរបាលជំនាញបានស្រាវជ្រាវ រហូតបំបែកសំណុំរឿង និងកំណត់បានមុខសញ្ញាប្រព្រឹត្ដជាក់ស្ដែង តាមលក្ខណបច្ចេកទេសវិទ្យាសាស្ត្រ និងតម្រុយ ភិនភាគស្លាកស្នាមមួយចំនួន កត់សម្គាល់ជនសង្ស័យជាដើមបណ្ដឹងនោះតែម្ដង ឈ្មោះ ម៉ន អឿន ភេទប្រុស អាយុ 42ឆ្នាំ ជាព្រះចៅអធិការវត្តទេពឧណ្ណារាម ស្ថិតក្នុងភូមិសំពៅងរ ឃុំព្នាយ ស្រុកសំរោងទង ដែលបានប្រឌិតព័ត៌មាន និងបានរៀបចំភស្ដុតាងស្លាកស្នាមក្លែងបន្លំ ដោយបានយកប្រាក់អស់ចំនួន 16.050.000 (ដប់ប្រាំមួយលានរៀល) និងប្រាក់ដុល្លារចំនួន 900ដុល្លារ ហើយគប់កញ្ចក់ទ្វារឲ្យបែកគាស់ទ្វារដែក។
ប្រភពបន្តថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលក្រោមការចង្អុលណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តបានចុះស្រាវជ្រាវបន្ថែមរហូតធ្វើឲ្យជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ដដោយខ្លួនឯងពិតប្រាកដមែន (ផ្ទាល់ព្រះអង្គ) ។
បច្ចុប្បន្នមុខសញ្ញាខាងលើ ជំនាញបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចាត់ការតាម នីតិវិធី៕